ការឆ្លងមេរោគលើស្បែកកំពុងរីករាលដាល ក្នុងចំណោមកុមារ នៅGaza
ហ្គាហ្សា៖ ការឆ្លងមេរោគលើស្បែក បាននិងកំពុងរីករាលដាល នៅក្នុងចំណោមកុមារ នៅតំបន់ Gaza ដែលរស់ក្នុងតង់ គេចចេញពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន អូសបន្លាយ ជិត៨ខែមកនេះ។
លោក ឱសថការី Sami Hamid បាននិយាយថា ចំនួននៃការឆ្លងមេរោគលើស្បែក បានកើនឡើង ជាពិសេស ជំងឺ កមរមាស់ និងជំងឺអុតស្វាយ។ លោកថា កំដៅក្តៅខ្លាំង, កង្វះទឹកស្អាត និងការបំពុលបរិស្ថានធ្ងន់ធ្ងរ ជាមូលហេតុកើតមានមេរោគ លើស្បែកកុមារ។
លោកស្រី Wafaa Elwan ស្នាក់ក្នុងតង់នៅ Deir el-Balah បាននិយាយថា «មិនមានទឹកស្អាត ឬផលិតផលដែលមានអនាម័យ នៅក្នុងទីក្រុង នោះទេ។ លោកស្រី Elwan បានប្រាប់ AFP ថា «យើងលែងមានទឹក លាងសម្អាតកូនរបស់យើង ដូចពីមុនទៀតហើយ រីឯការព្យាបាល គឺមិនមានទូលំទូលាយនោះទេ។»
លោកស្រីបាននិយាយទៀតថា «យប់ឡើង កូនប្រុសរបស់ខ្ញុំ មិនអាចគេងលក់ស្រួលបានទេ ដោយសារតែគាត់ មិនឈប់អេសរមាស់»។
អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះផ្សេងទៀត បានព្រមានអំពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការគំរាមកំហែង នៃភាពអត់ឃ្លាន ក្នុងចំណោមប្រជាជន ២.៤លាននាក់ នៅហ្គាហ្សា ព្រោះតែការឡោមព័ទ្ធ និងវាយប្រហារពីសំណាក់អ៊ីស្រាអែល សងសឹកនឹងពួកហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត