នេប៉ាល់ប្រារព្ធពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ
កាម៉ាន់ឌូ៖ ប្រទេសនេប៉ាល់បានប្រារព្ធពិធីបុណ្យស្រូវជាតិ ដែលជាពិធីបុណ្យប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ជាថ្ងៃដែលប្រជាជននេប៉ាល់ចាត់ទុកថា ជាថ្ងៃចាប់ផ្តើមរដូវដាំដុះស្រូវ។
កសិកររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសនេប៉ាល់ បានប្រមូលផ្តុំគ្នាដាំកូនឈើ លេងនៅវាលភក់ ច្រៀង រាំ និងទទួលទានអាហារក្នុងពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងថ្ងៃដែលគេចាត់ទុកថា ជាថ្ងៃល្អសម្រាប់ការដាំដុះស្រូវ។ ពិធីបុណ្យនេះ ជាទូទៅ ប្រជាជននេប៉ាល់តែងតែរៀបចំឡើងក្នុងអំឡុងខែមិថុនា និងខែកក្កដា ជារៀងរាល់ឆ្នាំ។
កសិករ និងក្រុមគ្រួសាររបស់ពួកគេបានច្រៀងចម្រៀងប្រពៃណី ដើម្បីស្វាគមន៍ទឹកភ្លៀង និងអរគុណព្រះដែលបានផ្ញើទឹកភ្លៀងមកទាន់ពេលវេលា។ ក្រោយពីដាំស្រូវរួច កសិករចូលរួមកម្មវិធីទាំងនោះ បាននាំគ្នាលេងដីភក់ និងខ្សាច់ ហើយរាំលេងកំសាន្ត មុននឹងធ្វើពិធីបុណ្យ។ នៅកន្លែងផ្សេងទៀតក្នុងប្រទេសនេប៉ាល់ ប្រជាជនបាននាំគ្នាញ៉ាំទឹកដោះគោជូរ និងអង្ករសម្រូបជាមួយផ្លែស្វាយ និងចេក ដើម្បីប្រារព្ធពិធីបុណ្យនេះនៅតាមផ្ទះរៀងៗខ្លួន។
រដ្ឋាភិបាលនេប៉ាល់ក៏បានប្រកាសពិធីបុណ្យស្រូវជាតិ ជាថ្ងៃឈប់សម្រាកផងដែរ ហើយព្យាយាមជំរុញប្រជាជនឱ្យបន្ត ឬវិលមកធ្វើស្រែវិញ ខណៈដែលមនុស្សជាច្រើនបានងាកទៅចាប់អាជីពផ្សេងៗទៀត។
គួរបញ្ជាក់ថា ស្រូវគឺជាអាហារសំខាន់សម្រាប់ប្រជាជននេប៉ាល់រាប់លាននាក់ ហើយជាទូទៅដំណាំនេះត្រូវបានដាំម្តងក្នុងមួយឆ្នាំ គឺនៅក្នុងអំឡុងខែមិថុនា និងខែកក្កដា ហើយប្រមូលផលប្រហែលបួនខែក្រោយមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា