នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋកម្ពុជា ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រ​ព្រែកជីក​ហ្វូណនតេជោ ដែលបង្ហាញពីស្មារតីជាតិនិយម

កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ ការគាំទ្រនេះ មានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់ ហើយមានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ ដែលប្រឆាំងនឹងគម្រោងនេះ ។

សម្តេចធិបតី បញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍បញ្ជាក់ដូច្នេះ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ ព្រមទាំងលែងត្រី ១លាន ៥សែនក្បាល ចូលទៅក្នុងបឹងធំធម្មជាតិ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ឱ្យមានការទូងស្ករ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត និងជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត ។ គម្រោងព្រែកជីកហ្វូណនតេជោ បានតភ្ជាប់ផ្លូវទឹក រវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន ដូចជា ៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner