គណបក្សប្រជាជនខេត្តបន្ទាយមានជ័យប្រារព្ធខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្ស
បន្ទាយមានជ័យ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤បានប្រារព្ធខួបលើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅទីស្នាក់ការគណបក្សខេត្តក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះឯកឧត្តម កែ គឹមយ៉ាន បានលើកយកសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងមីទ្ទីងខួបថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានរំលេចពី គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការ រំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំង ជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹង នូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់ និងលំហូរទឹកទន្លេមេគង្គនោះឡើយ។
ឯកឧត្តម កែ គឹមយ៉ាន បានក្រើនរំលឹកដល់សមាជិកបក្ស ក៏ដូចប្រជាពលរដ្ឋ រួមគ្នាបន្តថែរក្សាសុខសន្តិភាពឱ្យឋិតស្ថេរគង់ វង់ ព្រោះសន្តិភាពជាមូលដ្ឋានគ្រឹះ នៃភាពសុខសាន្តប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម៕
ដោយ៖ គៀនច័ន្ទហ៊ីន