រាជរដ្ឋាភិបាល បានកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើមលើវិស័យកសិកម្ម ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ

(កំពង់ចាម)៖ វិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ ជាមួយនេះ រាជរដ្ឋាភិបាល បាននិងកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើមកសិកម្ម ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ ។

នេះការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបន្ធូរការនាំចូលឧបករណ៍វិស័យកសិកម្ម ដើម្បីលើកកម្ពស់វិស័យកសិកម្ម។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញការលើកកម្ពស់ទីផ្សារផលិតផលកសិកម្មទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន។ ចិញ្ចឹមអ្វី និងដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីធានាលើរឿងទាំងពីរនេះ រដ្ឋត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ នាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឱ្យសមស្រប។

សម្តេច ថា រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កន្លងមករាជរដ្ឋាភិបាល បានលើកលែងសេវាលើអាករបន្ថែមលើការផលិតផលផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញរួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូវមី និងកៅស៊ូ។ ដូច្នេះ សហគ្រាសដែលពាក់ព័ន្ធនឹងការផលិតដំណាំកសិកម្ម ត្រូវបានលើកលែងអាករបន្ថែម ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករផងដែរ ។

សម្តេចធិបតី បានរំលឹកថា កាលនៅដើមអាណត្តិទី៧ ពោលគឺនៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានលើកលែងលើអាករបន្ថែមរួមមាន៖ មៀនប៉ៃលិន, ស្វាយ, វារីប្បកម្ម, ការផលិតដូងប្រេង និងការចិញ្ចឹមសត្វ រយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីបន្ធូរ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ដែលនាំចេញផលិតផលរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ សំដៅធានាការប្រកួតប្រជែងនៅក្រៅប្រទេសជាដើម ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ៉ីចឹងការជួយជំរុញសិកម្ម គឺធ្វើម៉េចពិពិធកម្ម ឱ្យកាន់តែច្រើនជាប្រភពសំខាន់ ចិញ្ចឹមអី ដាំអីជារឿងមួយប៉ុន្តែអ្វីដែលត្រូវមានទីផ្សារទាំងក្នុង និងក្រៅប្រទេសដើម្បីធានានូវចំណូលរបស់បងប្អូនរបស់យើង ។ សម្ដេច បន្ថែមថា ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ ។

សម្តេចធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ។ បន្ថែមពីនេះដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុង ឆ្នាំ២០២៣ វិស័យកសិកម្ម បានរួមចំណែកប្រមាណ ២២% នៃផលិតផលសរុបក្នុងប្រទេស ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យកសិកម្មនេះទៀតសោត ដោយមានគោលដៅសំខាន់ៗពីរ គឺទី១៖ ការយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងទី២៖ ការធ្វើពាណិជ្ជកម្ម ឬនិយាយដោយសាមញ្ញ គឺសម្រាប់ហូបចុក និងលក់ដូរ។ សម្ដេច ថា ការដោះស្រាយបញ្ហាកសិកម្ម គឺដៃម្ខាងគិតគូរពីចំណូលរបស់ប្រជាកសិករ ប៉ុន្តដៃម្ខាងទៀត ត្រូវធានាកុំឱ្យតម្លៃថ្លៃពេក ដែលអាចប៉ះពាល់ដល់អ្នកទិញបរិភោគ។ ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្ដេជ្ញាចិត្តបន្តពីរាជរដ្ឋាភិបាល អាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ជួយដល់កសិករនៅទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងក្នុងវិស័យកសិកម្ម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner