លោក Anthony Galliano អនុប្រធាន នៃសភាពាណិជកម្មអាមេរិក ក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក Anthony Galliano អគ្គនាយកប្រតិបត្តិCambodia Investment Management Group និងជាអនុប្រធាននៃសភាពាណិជ្ជ​កម្មអាមេរិកនៅកម្ពុជា (AmCham) ត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈ​របស់​អង្គការផ្កាយសមុទ្រហើយ នាពេលថ្មីៗនេះ ស្របពេលដែលលោក​បានប្តេជ្ញា​ចិត្តគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រ និងរួមចំណែកជួយដល់កុមារ និងក្រុមគ្រួសាររាប់ពាន់នាក់នៅប្រទេសកម្ពុជា តាម រយៈបេសកកម្មដ៏សំខាន់​របស់អង្គការនេះទៀតផង ។

កិច្ចសហការ និងជួយជ្រោមជ្រែងរបស់លោក Anthony Galliano ដល់អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងជាមួយនឹងការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំរបស់លោកចំពោះការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រក្នុងការផ្លាស់ប្តូរជីវិតកុមារជាច្រើននាក់ តាមរយៈការអប់រំ ។

ដោយមើលឃើញពីផលវិជ្ជមានដ៏សំខាន់កើតចេញពីការងាររបស់អង្គការផ្កាយសមុទ្រ លោក Galliano ឲ្យដឹងថា៖“បានយល់ដឹង និងឃើញកាន់តែច្បាស់ពីការងាររបស់អង្គការផ្កាយសមុទ្រគឺពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើង ក្នុងការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងសកម្មភាពនានារបស់អង្គការនេះ ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ ប្តូរជីវិតកុមារ តាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុសត្រូវ របស់យើងផងដែរ ។

ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ហើយខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយពីការងាររបស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការ ក៏ដូចជាផ្តល់ឱកាសដល់កុមារឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង ។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ ។

អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងពីសារៈសំខាន់ចំពោះអង្គការផ្កាយសមុទ្រ ដែលមានលោក Galliano ចូលរួមជាទូតសុច្ឆន្ទៈ ដោយអ្នកស្រីបានបញ្ជាក់ថា “បទពិសោធន៍ដ៏ច្រើន និងភាពជោគជ័យរបស់ Anthony ក្នុងវិស័យជំនួញនៅកម្ពុជានឹងនាំមកនូវគុណតម្លៃដ៏ធំធេងដល់អង្គការផ្កាយសមុទ្រ ហើយសមត្ថភាពរបស់លោកក្នុងការបង្កើតភាពជាដៃគូសាជីវកម្មដ៏រឹងមាំនឹងគាំទ្រយ៉ាងខ្លាំងជំរុញដល់បេសកកម្មរបស់អង្គការឲ្យឆ្ពោះទៅមុខ ។ ពួកយើងមានសេចក្តីរំភើបរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍លោកមកចូលរួមក្នុងគ្រួសារអង្គការផ្កាយសមុទ្រហើយសង្ឃឹមយ៉ាងមុតមាំនូវកិច្ចសហការកាន់តែទូលំទូលាយកើតចេញការចូលរួមរបស់លោក ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner