កម្ពុជា នាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ

(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម ។

សម្តេចធិបតី បានរំលឹកថា ក្នុងពេលដែលសម្តេចធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ពេលនោះចិន បានបញ្ជាក់ថា នឹងទទួលទិញអង្ករកម្ពុជា និងផលិតផលកម្មកម្ពុជាបន្ថែមទៀតផងដែរ។ ដូចគ្នា នៅពេលសម្តេចធ្វើទស្សនកិច្ចនៅបរទេស តែងតែជំរុញឱ្យប្រទេសទាំងនោះ ជួយទិញផលិតកសិកម្មពីកម្ពុជាបន្ថែម។

សម្តេចបញ្ជាក់ថា នាពេលកន្លងទៅថ្មីនេះ ឆ្លើយតបក្តីកង្វល់របស់អ្នកចិញ្ចឹមសត្វ សម្តេចបានសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ន នូវបំណែកសាច់បង្កកមួយចំនួន ដើម្បីគាំទ្រដល់អ្នកចិញ្ចឹមក្នុងស្រុក។ តែយ៉ាងណាសម្តេចសង្កត់ធ្ងន់ថា ការបិទមិនឱ្យនាំចូល ក៏ត្រូវគិតគូរអំពីតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ផងដែរ ដើម្បីកុំឱ្យមានការឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់។ សម្តេច ថា ដូចខ្ញុំនិយាយចឹង ជួយកសិករឱ្យឡើងថ្លៃ ឱ្យចំណូលបានច្រើន តែអ្នកហូបគាត់សួរហើយ ធ្វើម៉េចកុំឱ្យអាហារខ្ញុំឡើងថ្លៃ នេះគឺជាតុល្យភាព ដែលយើងត្រូវគិតគូរ ចំណូលដល់កសិករ ប៉ុន្តែជីវភាពរស់នៅ និងអតិផរណារបស់យើង ។

កសិផលដែលកម្ពុជានាំចេញរួមមាន៖ អង្ករ ស្រូវ កៅស៊ូ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច បន្លែចម្រុះ និងកសិផលចំនួន១០០មុខផ្សេងទៀត។ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១។

សូមជម្រាបបថា យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៤នេះ កម្ពុជា បានសម្រេចការនាំចេញផលិតផលជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បានចំនួន ៣៨តោន ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ របាយការណ៍ដដែលបានបន្តថា កម្ពុជា បាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០ ។

ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជា ក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះផងដែរ។សម្រាប់កម្ពុជា បានចាត់ទុក គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផល ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស ។

ជាមួយនេះ កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner