សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជា-ម៉ាឡេស៊ី មានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើដល់ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn)ឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា និង ម៉ាឡេស៊ី ឱ្យកាន់តែសកម្ម និងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ និងសហគមន៍អាស៊ាន ផងដែរ។ ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំ នៃប្រទេសទំាងពីរដែលមានជាង ៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទំាងខាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរបានឯកភាពគ្នា ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំ២០២៤នេះ ដែលបានបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថាកម្ពុជា-ម៉ាឡេស៊ីមានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងសងខាង នៅក្នុងនោះមានដូចជា កម្ពុជាមានសក្តានុពលសម្រាប់ការផលិតអាហារហាឡាល់ (Halal) សម្រាប់ប្រទេសម៉ាឡេស៊ីនាំចេញទៅក្រៅប្រទេស និងការបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទំាងពីរជាដើម។

ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal) ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner