នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើ​នេសាទ ពិសេសក្នុងរដូវហាមឃាត់

(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅ​បឹងធំ​ធម្ម​ជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអំពាវនាវកុំឱ្យមានការប្រើប្រាស់ឧបករណ៍​នេសាទ​ខុសច្បាប់សម្រាប់ធ្វើនេសាទ ដែលមានដូចជា ៖ ថ្មស្អុយ ឧបករណ៍​ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះ នឹងអ្វីដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេស សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា) យើងត្រូវរួមគ្នាទុកត្រីឱ្យធំ ឱ្យវាបានពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំ​ផ្លាញវា ព្រោះត្រី គឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃ​របស់ប្រ​ជាជន​។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម ។

សម្តេច បានបន្ថែមថា ទន្ទឹមនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និង ព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និង កាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner