ស្លាប់៥នាក់ និងរបួសជាង ៥០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅតួកគី

អង់ការ៉ា៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និងច្រើនជាង ៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសតួកគី។

សារព័ត៌មានផ្លូវការ អាណាឌូលូ របស់តួកគីបានរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសនេះ បានកើតឡើងនៅក្នុងទីក្រុង ថូបាលី ដោយករណីផ្ទុះនោះមានកម្លាំងខ្លាំង និងបន្លឺសម្លេងខ្លាំងដល់ចម្ងាយរាប់គីឡូម៉ែត្រពីទីតាំងកើតហេតុ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក អាលី យើលីកាយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា សោកនាដកម្មផ្ទុះហ្គាសដ៏កក្រើកនៅភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងលិចប្រទេសតួកគី បានសម្លាប់ជីវិតមនុស្ស ៥នាក់ និងច្រើនជាង ៥០នាក់ផ្សេងទៀតរងរបួស។

លោក អាលី យើលីកាយ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មនុស្ស ៥៧នាក់បានរងរបួស ដោយសារករណីផ្ទុះដែលបណ្តាលមកពីកំប៉ុងហ្គាស។ ខ្សែអាតិ៍វីដេអូខ្លីមួយដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញពីរូបភាពអគាររៀបចំពិធីជប់លៀងជាច្រើន បានរងការបំផ្លិចបំផ្លាញដោយសារករណីផ្ទុះហ្គាស ខណៈដែលរថយន្តមួយចំនួនដែលចតនៅក្បែរទីតាំងកើតហេតុក៏រងការខូចខាតផងដែរ។

សូមរម្លឹកថា កាលពីខែមេសាឆ្នាំនេះ យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសតួកគី។ បើតាមអភិបាលក្រុងអ៊ីស្តង់ប៊ុល ភ្លើងបានឆាបឆេះឡើងនៅពេលរសៀល ហើយជនរងគ្រោះនៅក្នុងអគ្គីភ័យត្រូវបានគេសន្និដ្ឋានថា ជាក្រុមការងារជួសជុលក្លឹបដែលកំពុងបំពេញការងារនៅក្នុងក្លឹបរាត្រីមួយនោះ។ ពាក់ព័ន្ធនឹងហេតុការណ៍ដ៏អាក្រក់នេះដែរ ក្រុមមន្ត្រីក្នុងតំបន់បានចាប់ខ្លួនមនុស្ស ៨នាក់ រួមទាំងអ្នកគ្រប់គ្រងក្លឹបរាត្រី និងអ្នកទទួលខុសត្រូវលើការជួសជុលក្លឹប៕

ប្រភព៖ AFP និង Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner