ដាំកូនឈើប្រណិតជាង៦០០ដើម ក្នុងបរិវេណសកល វិទ្យាល័យជាតិមានជ័យ ដើម្បីចូលរួមពិធីរុក្ខទិវា

បន្ទាយមានជ័យ៖កូនឈើប្រណិតប្រភេទធ្នង់ គ្រញូង និង ឈើដទៃចំនួន៦៥០ដើម ត្រូវបានដាំក្នុងពេលតែមួយ ក្នុង បរិវេណ​សកលវិទ្យាល័យជាតិមានជ័យ នៅខេត្តបន្ទាយ មានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ក្រោម ការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតយ៉ាងច្រើនកុះករ។ សកម្មភាពនេះដើម្បី ចូលរួមក្នុងពិធី”រុក្ខទិវា” ថ្ងៃទី៩ ខែកក្កដា។

ព្រមៗគ្នានេះជាមួយនឹងការដាំកូនឈើនៅសកលវិទ្យាល័យជាតិមានជ័យកូនឈើចំនួន៥.០០០ដើមទៀតក៏បានត្រៀមផ្តល់ទៅអង្គភាពនានា រដ្ឋបាលក្រុង ស្រុក ប្រជាពលរដ្ឋដាំក្នុង ឱកាសពិធីរុក្ខទិវាឆ្នាំនេះផងដែរ។កូនរុក្ខជាតិទាំងនេះផ្តល់ ជូនដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

នៅខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឹមយ៉ាន ជារឿយៗ តែងតែចូលរួមដាំឈើនៅខេត្តនេះ។ថ្លែងទៅកាន់អ្នកចូលរួម​ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា រៀងរាល់ឆ្នាំរាជរដ្ឋា ភិបាលបានបន្តដឹកនាំការរៀបចំប្រារព្ធពិធីរុក្ខទិវា នៅគ្រប់ រាជធានី ខេត្តទូទាំងប្រទេស ដែលជាសក្ខីភាពមួយបង្ហាញពី ការដង្ហែរតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាវិរក្សត្រ ព្រះបរមតនៈកោដ្ឋ នរោត្តម សីហនុ ជាទីគោរពសក្ការៈនៃយើង ដែលជានិច្ចកាលព្រះអង្គយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងពិសេសការថែរក្សាការពារ និង អភិវឌ្ឍន៍ព្រៃឈើ តាមរយៈការដាំដុះឈើឡើងវិញ ។

ឯកឧត្តមបន្តថា ដោយឡែករដ្ឋបាលខេត្តបន្ទាយមានជ័យ បានជំរុញឱ្យមាន​ចលនាប្រឡង​ប្រណាំងដាំដើមឈើ នៅ តាមសាលារៀន វត្តអារាម សាលាឃុំ និងទីកន្លែងផ្សេងៗទៀត ប្រកបដោយបរិស្ថានបរិយាកាសស្រស់ស្រាយ ក្នុងគោលដៅធ្វើ​យ៉ាងណាឱ្យ​សហគមន៍​នីមួយៗមានពណ៌បៃតង ដែលជា​សម្បត្តិ​​មហាសាលសម្រាប់ជីវិតមនុស្សនិងសត្វរស់នៅ​លើ​ផែនដីយើងនេះ។

សូមជម្រាបថា ពិធីរុក្ខទិវា ៩ ខែកក្កដាឆ្នាំនេះ នឹងប្រារព្ធនៅ​ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។នេះជាការប្រារព្ធលើកទី២៩ ខណៈលើកទី២៨ ប្រារព្ធនៅភូមិ​អូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

គួររំលឹកថា ពិធីរុក្ខទិវាត្រូវបានទទួលស្គាល់ជាផ្លូវការ និង​បានចែងក្នុងច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ ជំពូកទី១២ មាត្រា៦០។ មាត្រា​នេះបានចែងថា ដើម្បីជំរុញការអប់រំ​ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូន​ឈើជា​ប្រពៃណីជាតិត្រូវបានហៅថា «រុក្ខទិវា» ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដាជារៀងរាល់​ឆ្នាំ។

ពិធីរុក្ខទិវាត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោម​ព្រះរាជ​កិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ក្នុងគោល​បំណងបំផុសចលនាដាំដើមឈើឡើងវិញ ជំរុញឱ្យប្រជា​ពលរដ្ឋ​ចូលរួម​ថែរក្សាសម្បត្ដិព្រៃឈើ និងគិតគូរដល់​បរិស្ថានរស់នៅជាដើម៕

អត្ថបទនិងរូបថត៖ គៀន ច័ន្ទហ៊ីន

ads banner