កិច្ចការបម្រើជាតិ និងប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា រហូតមកដល់បច្ចុប្បន្ន

(ភ្នំពេញ)៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយ ចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំ ក្នុងបុព្វហេតុឥតប្រែប្រួល របស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិនិងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃ កំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន ។

នេះគឺជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសសមាសភាពបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ និងសមាសភាពគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់រគណបក្សប្រជាជនកម្ពុជា។

សម្តេចមហាបរវរធិបតី លើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមក នូវសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស។ សមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលប្រមាណ ៤៤ឆ្នាំ កន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ។ មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាង សកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជន គណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner