សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ ការកាប់​ទន្ទ្រាន​ព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និង​ប្រព័ន្ធត្រីទឹកសាប

(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន, មន្ត្រី និងពលរដ្ឋ ចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប, ការឈូសឆាយទ្រង់ទ្រាយធំ,ការប្រើប្រាស់ជីគីមីហួសហេតុ ដែលធ្វើឲ្យមិនត្រឹមតែ ធ្វើឲ្យអស់ព្រៃឈើសម្រាប់ព្រៃលិចទឹកទេ ប៉ុន្តែពេលទឹកឡើង វាទៅជាប្រភព នៅក្នុងការធ្វើឲ្យពុលត្រីស្លាប់តពូជ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។ សម្តេច លើកឡើងថា ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នា ដើម្បីដាំដើមឈើឡើងវិញ ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ មិនចប់ទេ ។

សម្តេចធិបតី បានផ្ដាំថា សូមកុំស្រមើស្រមៃថា រដ្ឋាភិបាល ធ្វើតែពេលនេះ ហើយដកថយទុកលំហរ ឱ្យធ្វើសកម្មភាពផ្ដេសផ្ដាស គឺអត់ទេ។ យើងនៅបន្តធ្វើ បន្តថែរក្សា ដរាបណាបឹងទន្លេសាប នៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារ ប្រព័ន្ធអេកូឡូស៊ី ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំងប្រទេស។ រាជរដ្ឋាភិបាល ត្រូវមានកាតព្វកិច្ចដាច់ខាត ដើម្បីការពារតំបន់នេះ ហើយយើងនឹងបន្តជាប្រចាំ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា សូមកុំចង់សាកល្បង គិតថា រដ្ឋាភិបាលថ្មី ក្មេងៗអត់ហ៊ានធ្វើអ្វី ខ្ញុំសូមបញ្ជូនសារឱ្យហើយ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច ។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារៈកិច្ច ដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នានេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner