យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បិទបញ្ចប់ (Video Inside)

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១កក្កដា ដោយទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ៣លាន ៣០ម៉ឺនដុល្លារ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១មិថុនា។

សេចក្តីប្រកាសព័ត៍មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការបានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតរហូតមកទល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ បានចូលរួមពីពលរដ្ឋចំនួនជាង ២៤ម៉ឺននាក់ និងសរុបទឹកប្រាក់មានចំនួនជាង ៣លាន ៣០ម៉ឺនដុល្លារអាមេរិក។

មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ បានបញ្ជាក់ថា ទោះបីជាយុទ្ធនាការ ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ រាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតគិតថ្លៃ និងមិនមានការរើសអើង។

ads banner