ឯកឧត្តម យី វាសនា៖ កីឡាអត្តពលកម្មជនពិការកាន់តែមានសក្តានុពលខ្លាំង

ភ្នំពេញ ៖​ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសក្តានុពលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកីឡាករ កីឡាការិនីធ្វើបានកាន់តែលឿន ដោយចាយពេលកាន់តែតិច ដោយនេះបានបង្ហាញពីការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់អត្តពលិកពិការកម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធលើកឆាកអន្តរជាតិ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអគ្គ នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី៥ នាចុងសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសន្ទុះកើនឡើងនូវចំនួនកីឡាករ កីឡាការិនី ដោយកាលពីដំបូងឡើយមានត្រឹមអត្តពលិក ៥នាក់ ហើយបានបង្កើនបាន ពី១០នាក់ដល់២០នាក់ ហើយបច្ចុប្បន្នកើនដល់៤០នាក់ទៅ៥០នាក់។ គោលបំណងសំខាន់នៃការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥នេះ គឺដើម្បីផ្តល់ឱកាសឲ្យពួកគាត់បានជួបជុំគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាពរបស់អត្តពលិកពិការ ជាពិសេសគឺជាការដុសខាត់នូវខ្នាតបច្ចេកទេសរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរត្រៀមខ្លួនចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ។

ឯកឧត្តមដាក់ក្តីសង្ឃឹមថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងបន្តការខិតខំបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសរបស់អត្តពលិកពិការកម្ពុជាឱ្យមានគុណតម្លៃកាន់តែខ្ពស់ សម្រាប់ប្រទេសដែលមានសន្តិភាព គឺ«កីឡារស់ក្នុងសន្តិភាព»។ តាមរយៈការប្រកួតនេះ ក៏ជាការដាក់ទិសដៅបន្តឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាខែមករា ឆ្នាំ២០២៦ខាងមុខ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ នាខែសីហា ឆ្នាំ២០២៤ មានកីឡាករពិការម្នាក់នឹងត្រូវចូលរួមប្រកួតកម្រិតពិភពលោក នៅប្រទេសប៉ារីស ប្រទេសបារាំង។

គួរបញ្ជាក់ថា ការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥ ឆ្នាំ២០២៤នេះ មាន៩ប្រភេទពិការភាព និងមានកីឡាករ-កីឡាការិនីសរុប ៤០នាក់ (កីឡាករ ២៨នាក់)។ ការប្រកួតប្រព្រឹត្តទៅបានដោយមានការគាំទ្រពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយអង្គការបេះដូងមាស និងមានការឧបត្ថម្ភដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People’s Microfinance Institution Plc ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ក្រុមហ៊ុនប៉ូការីស្វេត ក្លោតហ្វូតូស្ទូឌីយូ មន្ទីរពេទ្យខ្មែរ-សូវៀត និងអ្នកស្មគ្រ័ចិត្តមកពីសាកលវិទ្យាល័យសុខាភិបាលផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner