លោក អ៊ុ ប៊ុនរ៉េត ជិះម៉ូតូឆ្លងកាត់ ២២ប្រទេស ដើម្បីផ្សព្វផ្សាយអារិយធម៌ វប្បធម៌កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធាន BMW Club កម្ពុជា នឹងចាប់ផ្តើមដំណើរដ៏អស្ចារ្យជិះម៉ូតូ BMW ម្នាក់ឯង ឆ្លងកាត់២២ប្រទេស នៅតំបន់អ៉ឺរ៉ុប ដើម្បីផ្សព្វផ្សាយអារិយធម៌ វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោក និងស្វែងរកថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា។

លោក អ៊ុ ប៊ុនរ៉េត បន្តថា ដំណើរកម្សាន្តខាងលើ នឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង០៧:០០ ព្រឹក ពីទីក្រុង Munich ប្រទេសអាល្លីម៉ង់ ដែលជាទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន BMW និង BMW Motorrad Days នឹងបញ្ចប់នៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីដ៏ធំ Oktoberfest Cambodia ។ ប្រធាន BMW Club រូបនេះ បន្ថែមថា ការធ្វើដំណើរនេះ គឺបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជាប៉ុណ្ណោះទេ ក៏មានគោលបំណងចម្បងមួយទៀតគឺជួយដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមាររាប់លាននាក់ ក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ការជិះនេះ ក៏មានគោលបំណង ដើម្បីបញ្ជាក់ថាប្រទេសកម្ពុជា គឺជាប្រទេសមានសុខសន្តិភាពពេញលេញ ពោរពេញទៅដោយក្តីស្រលាញ់ និងរួសរាយរាក់ទាក់ សម្រាប់ភ្ញៀវទេសចរណ៍មកពីអឺរ៉ុប និងពិភពលោក។

អ្នកជិះម៉ូតូវ័យ៤៤ឆ្នាំ រូបនេះ បានដឹកនាំក្លឹប BMW ក្នុងឆ្នាំ២០១៦ ធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន ជាមួយម៉ូតូ BMW របស់គាត់ តាមផ្លូវរាប់ពាន់គីឡូម៉ែត្រ ដោយជួបប្រទះនឹងស្ថានភាព និងអាកាសធាតុផ្សេងៗ ដើម្បីផ្សព្វផ្សាយពីកម្ពុជា និងជិះម៉ូតូដើម្បរៃអង្គាសប្រាក់សម្រាប់មូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកជួយអនាគតកូនខ្មែរ។

លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបរីករាយ និងគាំទ្រលោក អ៊ុ ប៊ុនរ៉េត ក្នុងការបំផុសគំនិតបង្កើតព្រឹត្តិការណ៍នេះ។ វាឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំង២ និងបង្ហាញពីសារៈសំខាន់ភាពជាដៃគូ សាមគ្គីភាព មិត្តភាពអន្តរជាតិ និងការងារសប្បុរសធម៌។

គួរបញ្ជាក់ថា ការជិះម៉ូតូខាងលើនេះ ទទួលបានការគាំទ្រពីប្រទេសអាល្លឺម៉ង់ សហគមន៍អ្នកធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (GBC) ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ។ ជាមួយគ្នានេះ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបជួយឧបត្ថម្ភដល់ការជិះរបស់លោក ប៊ុនរ៉េត ឬបរិច្ចាគដល់មូលនិធិគន្ធបុប្ផា សូមចូលទៅកាន់ www.BmwMotorcycleClubCambodia.com ៕ អត្ថបទ និងរូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner