ជប៉ុនបញ្ជូនរ៉ុក្កែតផ្ទុកផ្កាយរណបទៅកាន់ទីអវកាសដោយជោគជ័យ
តូក្យូ៖ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានបាញ់បង្ហោះដោយជោគជ័យ នូវរ៉ុក្កែត H3 ថ្មីរបស់ខ្លួន ដែលមានផ្ទុកផ្កាយរណបសង្កេតផែនដី ចេញពីមជ្ឈមណ្ឌលអវកាសនៅលើកោះភាគនិរតី បន្ទាប់ពីបានបរាជ័យលើកដំបូងកាលពីឆ្នាំមុន។
រ៉ុក្កែត H3 ផលិតក្នុងស្រុករបស់ជប៉ុន បានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima។
ការបាញ់បង្ហោះរ៉ុក្កែតនេះកើតឡើង នៅពេលដែលជប៉ុនកំពុងស្វែងរកការឈរជើងនៅក្នុងវិស័យបាញ់បង្ហោះផ្កាយរណប ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយនឹងផែនការបាញ់បង្ហោះរ៉ុក្កែត H3 ចំនួន៦ដងក្នុងមួយឆ្នាំ។
ការបាញ់បង្ហោះរ៉ុក្កែត H3 នេះដែរ ដំបូងឡើយត្រូវបានកំណត់យកថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានផ្អាកវិញ ដោយសារអាកាសធាតុមិនអំណោយផល ទើបសម្រេចយកថ្ងៃចន្ទទី០១ ខែកក្កដានេះវិញ។
ផ្កាយរណប Advanced Land Observing Satellite-4 ដែលផ្ទុកក្នុងរ៉ុក្កែត H3 ត្រូវបានគេរំពឹងថា នឹងត្រូវប្រើវាដើម្បីសង្កេតមើលតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ និងតាមដានការបំប្លែងដី ដែលបណ្តាលមកពីសកម្មភាពភ្នំភ្លើង ឬការរញ្ជួយដី។
តាមរយៈការប្រើប្រាស់រ៉ាដា ផ្កាយរណបនេះ ជប៉ុននឹងអាចទទួលបានរូបភាពទោះសូម្បីតែនៅក្នុងអាកាសធាតុអាក្រក់ និងនៅពេលយប់ក៏ដោយ។ រ៉ុក្កែត H3 ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារអវកាសជប៉ុន JAXA និងក្រុមហ៊ុន Mitsubishi Heavy Industries Ltd. ដើម្បីបម្រើជាយានជំនិះបាញ់បង្ហោះធុនធ្ងន់ជំនាន់ក្រោយរបស់ប្រទេសជប៉ុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា