រុស្ស៊ីចង់ក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេទៅកាន់ចិនត្រឹមឆ្នាំ ២០២៧
មូស្គូ៖ ក្រុមហ៊ុនឧស្ម័នកំពូលរុស្ស៊ី Gazprom នឹងចាប់ផ្តើមបញ្ជូនឧស្ម័នចំនួន ១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសចិន តាមរយៈផ្លូវដ៏ឆ្ងាយនៅចុងបូព៌ា គិតចាប់ពីឆ្នាំ ២០២៧ ក្នុងគោលបំណងក្លាយជាអ្នកផ្គត់ផ្គង់ហ្គាសដ៏ធំបំផុតទៅកាន់ប្រទេសចិន។
នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Alexey Miller បាននិយាយនាពេលថ្មីៗនេះថា យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ទាក់ទិននឹងការសាងសង់បំពង់បង្ហូរឧស្ម័នចេញពីតំបន់ចុងបូព៌ា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយភាគីរុស្ស៊ី និងចិន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។ គម្រោងនេះដែរ មានគោលដៅបញ្ជូនឧស្ម័នចំនួន ១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសចិន គិតចាប់ពីឆ្នាំ ២០២៧។
បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុន Gazprom ប្រទេសចិនកំពុងសម្លឹងមើលការបង្កើនការនាំចូលឧស្ម័ន តាមរយៈបំពង់បង្ហូរឧស្ម័ន Sila Sibiri បន្ទាប់ពីវាឈានដល់សមត្ថភាពផលិតឧស្ម័នដល់ ៣៨ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០២៥។
តួយ៉ាង រុស្ស៊ីបាននាំចេញឧស្ម័នចំនួន ១៥.៥ពាន់លានម៉ែត្រគូបទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរប្រេង Sila Sibiri ក្នុងឆ្នាំ ២០២២។ ហើយនៅឆ្នាំ ២០២៣ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២២ពាន់លានម៉ែត្រគូប។ បំពង់បង្ហូរប្រេងនេះ ក៏ត្រូវបានគេជឿជាក់ដែរថា នឹងឈានដល់សមត្ថភាពផលិតឧស្ម័នចំនួន ៣៨ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០២៥៕
ប្រភព៖ Yahoo ប្រែសម្រួលដោយ៖ ឈឹម ទីណា