សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្តេចធិបតីបានរម្លឹកថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល១៨ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ads banner