ក្រសួងផែនការធ្វើសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤
(ភ្នំពេញ)៖ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០១៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអ្នកផលិតទិន្នន័យ អ្នកប្រើប្រាស់ទិន្នន័យ និងអ្នកសារព័ត៌មាន បានជួបពិភាក្សា ចែករំលែកពុទ្ធិ និងទិន្នន័យទៅវិញទៅមក សំដៅធ្វើឱ្យស្ថិតិគណនេយ្យជាតិ កាន់តែមានគុណភាព និងសង្គតិភាព ។
នេះបលតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្នុងសិក្ខាសាលាការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម បន្តថា គោលបំណងចម្បងនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០១៤ គឺដើម្បីធ្វើបច្ចុប្បន្នភាព ទំហំវិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញ ស៊េរី ទិន្នន័យ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការរៀបចំ និងទទួលយកធាតុចូលពី បណ្តាក្រសួង-ស្ថាប័នក្នុងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ សម្រាប់ត្រៀម ផ្លាស់ប្តូរឆ្នាំគោល ២០២៤ នាពេលខាងមុខនេះកាន់តែមានគុណភាពប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសនន៍ទៀតថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយ ក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ ការផ្លាស់ប្តូរឆ្នាំគោល ផលិតផលក្នុងស្រុកសរុប ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ(អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផលិតផលក្នុងស្រុកសរុប ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចមានចំណុចសង្ខេបសំខាន់ៗ ១.ទំហំសេដ្ឋកិច្ច ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡីង ៣១,៩%។ ២. រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផលិតផលក្នុងស្រុកសរុប (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផលិតផលក្នុងស្រុកសរុប(កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផលិតផលក្នុងស្រុកសរុប (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០ ។ ៣. ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១១៣១ ដុល្លារអាមេរិក ដល់ ១ ៤៨៩ ដុល្លារអាមេរិក នៅឆ្នាំ២០១៤ ។ ៤. គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩,៥ ប៊ីលានដុល្លារអាម៉េរិក និងកំណើន ៥,១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ ដុល្លារអាមេរិក ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ