ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.នឹងបើកសម័យប្រជុំដំបូងនៅថ្ងៃស្អែក

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិ និងដៃគូ អភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ពី​ម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅ​ក្នុង​សាលពហុបំណង(ជាន់ទី២) នៃមជ្ឈ​មណ្ឌល​ធន​ធាន អ.វ.ត.ក. ដែលមានអាសយដ្ឋាននៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋ​មន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជា​ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួល បន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។

សូមជម្រាបថាយោងតាមសេចក្តីសម្រេចរបសើរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ត្រូវបានបង្កើតក្រុមការងារ សហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលមានសមាសភាព១៧រូប ក្នុងនោះបនាយករដ្ឋមន្ត្រីប្រចាំការ

១- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន,ឯកឧត្តម កែវ រ៉េមី
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាអនុប្រធាន,ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជា ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក.ជាអនុប្រធាននិងសមាជិកចំនួន១៣រូបដែលជារដ្ឋលេខាធិការមកពីទីស្តីការគណៈរដ្ឋមន្ត្រី,ក្រសួងមហាផ្ទៃក្រសួងយុត្តិធម៌ ,ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ក្រសួងសុខាភិបាល ,ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍,ក្រសួងកិច្ចការនារី ,ក្រសួងមុខងារសាធារណៈ។
ក្រុមការងារនេះអាចមានសមាសភាពបន្ថែមជាអនុប្រធាននិងសមាជិកតាមការចាំបាច់ដែលតែងតាំងដោយសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល។

ក្រុមការងារនេះមានភារកិច្ចដូចខាងក្រោម៖

  • សហការនិងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសហប្រជាជាតិ (អ.ស.ប.) ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល ដើម្បីធានាឱ្យដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ផ្អែកលើក្របខ័ណ្ឌច្បាប់ស្តីពីការបង្កើតអ.វ.ត.ក. និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអ.ស.ប.
  • គិតគូរថែរក្សាគម្រោងសំណងសមូហភាពនិងផ្លូវចិត្តដែលអ.វ.ត.ក. បានសម្រេចផ្តល់ឱ្យដល់ដើម បណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះនៃរបបខ្មែរក្រហមនាពេលកន្លងមក និងបង្កើតគម្រោងនានា ដើម្បី បន្តផ្តល់ការគាំទ្រដល់ដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះទាំងនោះ
  • ពិនិត្យនិងច្របាច់បញ្ចូលរាល់ចំណេះដឹង ចំណេះធ្វើ បទពិសោធ និងយុត្តិសាស្ត្រដែលទទួលបាន ពីដំណើរការរបស់អ.វ.ត.ក. ទៅក្នុងរចនាសម្ព័ន្ធយូរអង្វែងរបស់ក្រសួង ស្ថាប័ន ក្នុងស្មារតីថែរក្សាសមិទ្ធផលទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ នៃអតីតកាលដែលបែកបាក់ដ៏ជូរចត់របស់កម្ពុជា និងបង្ការភាពជ្រុលនិយមនិងការកើតឡើងវិញ
  • ជំរុញឱ្យមានសហថាមភាពក្នុងការផ្ទេរចំណេះដឹងនិងជំនាញ រួមទាំងធនធានមនុស្សនិងបទពិសោធ អនុវត្តល្អៗរបស់អ.វ.ត.ក. ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយស្ថាប័នអប់រំ វប្បធម៌និង យុត្តិធម៌ ក្នុងក្របខ័ណ្ឌបញ្ជាបការយល់ដឹង និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យ ពូជសាសន៍នៅកម្ពុជា
  • លើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់កម្ពុជាដែលមានបទពិសោធល្អៗទាក់ទងទៅនឹង ការស្វែងរកសន្តិភាពក្រោយចម្បាំង ការដោះស្រាយជម្លោះប្រដាប់អាវុធ និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ និងសមិទ្ធផលស្តីពីការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ តាមរយៈដំណើរការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម ដើម្បីចែករំលែកបទពិសោធន៍ និងសមិទ្ធផលទាំងនេះទៅលើឆាកតំបន់និងអន្តរជាតិ
  • គិតគូរពិចារណាក្នុងទស្សនៈវែងឆ្ងាយសម្រាប់បង្កើតយន្តការមួយដែលមានលក្ខណៈសមស្រប ស្វយ័ត និងនិរន្តរ៍ទៅថ្ងៃអនាគត សំដៅគ្រប់គ្រងបណ្ណសារនិងបទពិសោធរបស់អ.វ.ត.ក. ដោយផ្អែកលើទម្លាប់ កំពុងអនុវត្តសម្រាប់តុលាការដែលគ្រប់គ្រងដោយអ.ស.ប. និងតុលាការអន្តរជាតិផ្សេងទៀត ដែល មានការទទួលខុសត្រូវក្នុងការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារ និងការផ្សព្វផ្សាយព័ត៌មានឱ្យ បានទូលំទូលាយដល់សាធារណជននិងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ

ក្រុមការងារនឹង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner