ប្រទេសអឺរ៉ុបពីរចាយ ២៦ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងក្រោមដីខ្នាតយក្ស
ប៉ារីស៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនក្រោមដីថ្មីមួយ មានតម្លៃដល់ទៅជាង ២៦ពាន់លានដុល្លារ នឹងតភ្ជាប់ទីក្រុងធំៗចំនួនពីររបស់ប្រទេសនៅអឺរ៉ុប ហើយជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើរយ៉ាងច្រើន។
គម្រោងដ៏ធំនេះ នឹងតភ្ជាប់ទីក្រុងមីលែន ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង ហើយវាក៏ជាគម្រោងដែលធ្វើឱ្យការធ្វើដំណើរផ្លូវគោកកាន់តែមានការប្រកួតប្រជែង ជាមួយនឹងការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។ ផ្លូវរូងក្រោមដីមានប្រវែងជាង ៦០គីឡូម៉ែត្រនេះ នឹងក្លាយជាផ្លូវរូងក្រោមដីដែលវែងជាងគេបំផុតក្នុងពិភពលោក។
គម្រោងផ្លូវរថភ្លើងល្បឿនលឿនក្រោមដីថ្មីនេះ មានគោលបំណងជាច្រើន។ ទី១. បម្រើជាការផ្ទេរចរាចរណ៍ទំនិញឆ្លងកាត់ភ្នំអាល់ ពីឡានដឹកទំនិញទៅកាន់ផ្លូវដែក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងការបំពុលខ្យល់ក្នុងតំបន់។ ទី២. វានឹងផ្តល់ការដឹកជញ្ជូនអ្នកដំណើរលឿនជាងមុន ដើម្បីកាត់បន្ថយការធ្វើដំណើរតាមផ្លូវអាកាស។
គម្រោងនេះដែរ នឹងអនុញ្ញាតឱ្យរថភ្លើងដឹកទំនិញធុនធ្ងន់ឆ្លងកាត់ក្នុងល្បឿន ៩៩គីឡូម៉ែត្រក្នុងមួយម៉ោង និង ២២៥គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថភ្លើងដឹកអ្នកដំណើរ។ ប្រការនេះ បានជួយកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន ព្រមទាំងការប្រើប្រាស់ថាមពល និងការចំណាយផងដែរ។ ដូចនេះ ពេលវេលាធ្វើដំណើររបស់អ្នកដំណើរពី ទីក្រុងមីលែន ទៅទីក្រុងប៉ារីស ត្រូវបានកាត់បន្ថយពី ៧ម៉ោងមកត្រឹមតែ ៤ម៉ោង៕
ប្រភព៖ Express ប្រែសម្រួលដោយ៖ ឈឹម ទីណា