ស្វែងយល់ពីសត្វរុយ ស បំផ្លាញលើដំណាំស្រូវ ដែលពិបាកបង្រ្កាបជាងដង្កូវហ្វូង
(ភ្នំពេញ)៖ បន្ទាប់ពីការរីករាតត្បាតនៃដង្កូវហ្វូងបំផ្លាញស្រូវ និងដំណាំកសិករយ៉ាងហោចណាស់ ១៥ខេត្តរួចមកនៅពេលនេះបានលេចវត្តមានសត្វរុយស កំពុងវាយលុក ក្នុងខេត្តចំនួន៣នៅជាប់ព្រំដែនកម្ពុជា-វៀតណាមដែលនេះបង្ក ការលំបាកដល់ប្រជាកសិករបន្ថែមទៀត ។
បើតាមការបញ្ជាក់ពី មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងថាការផ្ទុះលេចចេញវត្តមានសត្វរុយសនេះគឺបានកើតឡើងខេត្តចំនួន ៣គឺ ខេត្ត ស្វាយរៀង ព្រៃវែង និងតាកែវ ។
លោក ជំទាវបានបញ្ជាក់ថា”សត្វល្អិតចង្រៃប្រភេទនេះបើប្រៀបធៀបគឺជាពពួកសត្វដែធន់នឹងថ្នាំសម្លាប់សត្វជាងដង្កូវហ្វូង។ក្រៅពីនេះវាជាសត្វដែលអាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។ប្រភេទរុយសនេះអ្វីដែលសំខាន់គឺនៅពេលដែលយើងបាញ់ថ្នាំវានឹងហោះទៅកន្លែងផ្សេង ដែលនេះមានន័យថាវាអាចរាតត្បាតទៅកន្លែងផ្សេងទៀតបាន”។
តើសត្វរុយ ជាប្រភេទសត្វល្អិតដូចម្តេច ?
រុយ ស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹម ជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌ស។ រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam។ វដ្តជីវិតរបស់រុយ ស មានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយ ស ១ ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ ។
ក្រៅពីនេះរុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ហើយពួកវានឹងធ្វើសកម្មខ្លាំងនៅពេលព្រឹកដែល ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។សត្វល្អិតចង្រៃប្រភេទនេះវានឹង បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ដែលពិសេសដំណាក់កាលចេញកូរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
ដោយឡែកសម្រាប់ វិធានការគ្រប់គ្រងនិងកម្ចាត់រុយសគឺត្រូវឧស្សាហ័ ចុះពិនិត្យវត្តមានរុយសក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍។ នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅ ពេលព្រឹកចន្លោះម៉ោង ៦:០០-៩:០០។ត្រូវសម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេណស្រែ។ប្រើអន្ទាក់ស្អិតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។បើក្នុងករណីមានប្រជាកររុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រានិងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច ។
កសិករត្រូវ បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចចោះ ឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស)។ ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl។
គួរបញ្ជាក់ថាបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រភពនៃការកកើតមានដង្កូវហ្វូងនិងសត្វល្អិតចង្រៃមួយចំនួនទៀត ដោយសារតែ ការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេលវែងកន្លងមក។ពិសេសដង្កូវហ្វូងកន្លងមកបានបំផ្លាញដំណាំកសិករជាច្រើនដូចជា ដំណាំស្រូវ ដំឡូងមីនិងដំណាំជារុក្ខជាតិជាច្រើនទៀត ៕
ដោយ ៖ ម៉ាដេប៉ូ