SK Hynix នឹងវិនិយោគជិត ៧៥ពាន់លានដុល្លារក្នុងវិស័យ AI និងបន្ទះឈីប
សេអ៊ូល៖ ក្រុមហ៊ុន SK Hynix Inc របស់កូរ៉េខាងត្បូង គ្រោងចាយទុនវិនិយោគ ៧៤.៦ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៨ ដើម្បីពង្រឹងអាជីវកម្មបន្ទះឈីបរបស់ខ្លួន ដោយផ្តោតលើបញ្ញាសិប្បនិម្មិត AI។
ក្រុមហ៊ុន SK Group ដែលមេធំរបស់ SK Hynix បានបញ្ចេញផែនការនេះ បន្ទាប់ពីកិច្ចប្រជុំយុទ្ធសាស្ត្ររយៈពេលពីរថ្ងៃ ក្នុងគោលបំណងធ្វើឱ្យក្រុមហ៊ុននេះរស់ឡើងវិញ បន្ទាប់ពី SK Hynix ដែលជាក្រុមហ៊ុនផលិតប្រាក់ដ៏សំខាន់របស់ខ្លួនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុន SK Group បាននិយាយថា ខ្លួនកំពុងស្វែងរកការកែលម្អការប្រកួតប្រជែង ដែលផ្តោតសំខាន់លើខ្សែសង្វាក់តម្លៃ AI របស់ខ្លួន រួមទាំងបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ មជ្ឈមណ្ឌលទិន្នន័យ AI និងសេវាកម្ម AI។
កូរ៉េខាងត្បូងដែលជាប្រទេសផលិតបន្ទះឈីបអង្គចងចាំកំពូលរបស់ពិភពលោក មានដូចជា Samsung Electronics និង SK Hynix បានដើរថយក្រោយគូប្រជែងមួយចំនួន ក្នុងវិស័យរចនាបន្ទះឈីប និងការផលិតបន្ទះឈីប មានដូចជា Nvidia។
ហើយដើម្បីជួយក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីដើមឆ្នាំនេះ បានប្រកាសកញ្ចប់ជំនួយជាង ១៨ពាន់លានដុល្លារ សម្រាប់អាជីវកម្មផលិតបន្ទះឈីប ចំពេលកើតមានសង្រ្គាមប្រជែងគ្នានៅក្នុងទីផ្សារបន្ទះឈីបពិភពលោក៕
ប្រភព៖ Taipei Times ប្រែសម្រួលដោយ៖ ឈឹម ទីណា