ឆេះព្រៃ Amazon ដ៏អាក្រក់ បំបែកកំណត់ត្រាថ្មី
បរទេស៖ ទិន្នន័យបង្ហាញថា ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលបានរងការឆាបឆេះ ចំនួន១៣៤៨៩លើក ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ជាការបំបែកកំណត់ត្រាថ្មី ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។
ទិន្នន័យពីផ្កាយរណបបានបង្ហាញ កាលពីថ្ងៃចន្ទថា ការដុតបំផ្លាញ មានការកើនឡើងជាង ៦០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ជំនាញនិយាយថា គ្រោះរាំងស្ងួតវាយប្រហារលើព្រៃត្រូពិចដ៏ធំបំផុត របស់ពិភពលោកមួយនេះ តាំងពីឆ្នាំមុន។ អាជ្ញាធរអះអាងថា ការឡើងកម្តៅខ្លាំង និងកង្វះទឹកភ្លៀង រួមចំណែកដល់ការកើនឡើង នៃភ្លើងឆេះព្រៃ។ ក្រៅពីនេះ ក៏អាចមកពី សកម្មភាពរបស់មនុស្ស ដូចជា ការដុតសំណល់កសិកម្ម ឬ ជួនកាល មកពី រន្ទះបាញ់ផងដែរ។
របាយការណ៍នេះជះឥទ្ធិលពលមិនល្អ សម្រាប់រដ្ឋាភិបាលប្រេស៊ីល ដែលកំពុងប្រឹងប្រែងទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ ក្នុងនោះ រដ្ឋាភិបាលរបស់ប្រធានាធិបតី Lula Da Silva សន្យាបញ្ចប់ការកាប់បំផ្លាញព្រៃ អាម៉ាហ្សូន ខុសច្បាប់ នៅត្រឹមឆ្នាំ២០៣០៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត