សត្វល្អូត ដែលជាសត្វស្លាបរូបរាងដ៏ស្រស់ស្អាតសម្បូរនៅបឹងព្រែកល្ពៅ
(ភ្នំពេញ)៖ សត្វល្អូត ឬ អែអូត គឺជាសត្វស្លាបដែលមានពណ៌សំបុរដ៏ស្រស់ស្អាត និងគួរជាទីស្រឡាញ់មួយប្រភេទនៅកម្ពុជាក៏ដូចជានៅបរទេសមួយចំនួនផងដែរ ។ សត្វស្លាបមួយប្រភេទនេះត្រូវបានគេចាត់ទុកថា ជាសត្វសម្បូរ បង្គួរនៅបឹងព្រែកល្ពៅ ខេត្ត តាកែវ ។
តាមពិតបក្សីមួយប្រភេទ មានពីរបែបគឺ ល្អូតគូក ឬ ល្អូតធំ មាត្រធំ សម្បុរក្រហមក្រមៅ ភ្នែកក្រហម និង ល្អូតស្បូវ មាត្រតូច សម្បុរក្រហមព្រលែតលាយពព្រុសភ្នែកក្រហម ច្រើននៅអាស្រ័យក្នុងព្រៃរបោះ ។
តាមឯកសារស្រាវជ្រាវបានបង្ហាញថា ៖ សត្វប្រភេទនេះខ្លះធំ អាចមានទម្ងន់រហូតដល់ ៣៨០ក្រាម។ សត្វល្អូតនេះចូលចិត្តហើរឆ្វែលស្វែងរកចំណីដែលវាចូលចិត្តជាងគេគឺប្រភេទពួកអំបូរសត្វបង្គួយ និងថ្លែន។ក្រៅពីនេះចំណីរបស់វាក៏មាន សត្វពស់ សត្វល្អិត ដង្កូវ តែវាក៏ជាសត្វចូលចិត្តប្រមាញ់សំបុក និង ស៊ីពងបក្សីដទៃផងដែរ។
ដោយឡែករដូវបង្កាត់ពូជរបស់វានៅអំឡុងចន្លោះខែមិថុនា ដល់ខែកញ្ញា។ចំពោះពងរបស់វាមាន ចំនួនពង ៣-៥គ្រាប់ និង រយ:ពេលក្រាបពង និងកូនសត្វញាស់នៅរយៈពេល ១៥-១៦ថ្ងៃ។ កូនកើតមានស្បែកក្រម៉ៅ ពោះពណ៌ផ្កាឈូកស្រាល មានដុះរោមសច្រាងនៅតាមគែមចំពុះ និង ភ្នែក។
លោក ឈឿន សុជាតិ ជាមន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវបានប្រាប់ទូរទស្សន៍អប្សរាថា សត្វនេះនៅបឹងព្រែកល្ពៅសំបូរ ដោយវាមិនស្ថិតនៅក្នុងប្រភេទជាសត្វកម្រទេ វាស្ថិតនៅក្នុងប្រភេទរងគ្រោះតិចតួច។សត្វនេះចូលចិត្តរស់នៅតាមតំបន់វាលជាយព្រៃ ព្រៃគុម្ពោត ព្រៃរបោះ តំបន់វាលស្មៅ តាមស្ទឹង អូរព្រៃកោងកាង ជាដើម។
លោកបានបញ្ជាក់ដែរថា”ល្អូតមិនសូវពិបាកថតទេដោយសារសត្វស្លាបប្រភេទនេះខ្ញុំឧស្សាជួបប្រទះញឹកញាប់ នឹងវាមានរូបរាងធំស្រួលថតបើប្រៀបនឹងសត្វស្លាបដទៃទៀត”។
បើតាមការឱ្យដឹងពី លោក ឈឿន សុជាតិ សត្វល្អូតនៅបឹងព្រែកល្បៅនាពេលបច្ចុប្បន្នពិសេសល្អូតធំមានចំនួនប្រមាណ ៥០ទៅ ៦០ក្បាល និងវាតែងហើរឆ្វែលឆ្វាត់រកចំណីឱ្យឃើញជារៀងរាល់ថ្ងៃ ៕
ដោយ ៖ ម៉ាដេប៉ូ