រដូវកាលឡើងភ្នំ Fuji នៅជប៉ុនចាប់ផ្តើមហើយ

តូក្យូ៖ រដូវឡើងភ្នំ Fuji នៅរដូវក្ដៅ បានចាប់ផ្តើមហើយ កាលពីថ្ងៃចន្ទ ជាមួយនឹងវិធានការគ្រប់គ្រងអ្នកឡើងភ្នំថ្មីៗ ដើម្បីទប់ស្កាត់ទេសចរណ៍លើសចំណុះនៅលើផ្លូវលំដ៏ពេញនិយមបំផុតរបស់ភ្នំភ្លើងជប៉ុន។

ការធ្វើដំណើរទៅកាន់ភ្នំ Fuji ត្រូវចំណាយពេលប្រហែលពីរម៉ោង ចេញពីកណ្តាលទីក្រុងតូក្យូដោយរថភ្លើង។ ការឡើងភ្នំ Fuji ត្រូវបង់ថ្លៃ ១៣ដុល្លារក្នុងមនុស្សម្នាក់ ហើយចំនួនអ្នកឡើងភ្នំត្រូវបានកំណត់ត្រឹម ៤,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ការកក់ឡើងភ្នំ Fuji តាមអ៊ីនធឺណិត ក៏ត្រូវបានណែនាំផងដែរនៅឆ្នាំនេះដោយអាជ្ញាធរ ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីសុវត្ថិភាព និងការខូចខាតបរិស្ថាននៅលើភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន។ មនុស្សជាច្រើនធ្វើដំណើរពេញមួយយប់ ដើម្បីមើលថ្ងៃរះពីលើកំពូលភ្នំ Fuji ដែលមានកម្ពស់ ៣,៧៧៦ម៉ែត្រ។

ក្រុមភ្ញៀវទេសចរកំពុងសម្រុកទៅលេងកំសាន្តប្រទេសជប៉ុន ក្រោយស្ងប់ស្ងាត់ជំងឺរាតត្បាត ដោយសារពួកគេភាគច្រើនចង់ឃើញភ្នំ Fuji។ ភ្នំនេះបានគ្របដណ្តប់ដោយព្រិលស្ទើរតែពេញមួយឆ្នាំ ប៉ុន្តែវានៅតែទាក់ទាញអ្នកទស្សនាច្រើនជាង ២២០,០០០នាក់រៀងរាល់អំឡុងពេលឡើងភ្នំចាប់ពីខែកក្កដា ដល់ខែកញ្ញា។

ភ្ញៀវទេសចរណ៍ប្រចាំខែធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បានកើនឡើងលើសពី ៣លាននាក់ជាលើកដំបូងនៅក្នុងខែមីនា ហើយបានកើនឡើងជាបន្តបន្ទាប់នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមគ្នា ប្រធានផ្នែកទេសចរណ៍ជប៉ុន បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដល់ ៦០លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner