មន្ត្រីជំនាញ៤៥រូបមកចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»
ភ្នំពេញ៖មន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុង ក្នុងរមណីយដ្ឋានអង្គរមន្ទីររៀបចំដែនដី ខេត្តសៀមរាប តំណាងរដ្ឋបាល និងក្រុមប្រឹក្សាខេត្តសៀមរាបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនិងអាជ្ញាធរ ដែនដីពាក់ព័ន្ធចំនួន៤៥រូបបានមកចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងកិច្ចការពារបេតិកភណ្ឌ» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៤នៅខេត្តសៀមរាបដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងឱ្យឯកឧត្តមបណ្ឌិត ហង់ ពៅអគ្គនាយក អាជ្ញាធរជាតិអប្សរាបានអញ្ជើញជាអធិបតី ក្នុងពិធីនេះនិងឧទេ្ទសនាមដោយលោក Etienne Clementមេធាវីអន្តរជាតិឯកទេសខាងបេតិកភណ្ឌវប្បធម៌។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ពីការប៉ះពាល់នានា ព្រមទាំងការប្រើច្បាប់ជាតិ អន្តរជាតិ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ពីការបំផ្លាញដោយមនុស្ស ដោយអាយុកាល និងដោយគ្រោះធម្មជាតិជាដើម។
កម្មវិធីនេះ ក៏ជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ ការផ្តល់ឱ្យសិក្ខាកាម ថ្នាក់ដឹកនាំមកពីស្ថាប័នគ្រប់គ្រងបេតិកភណ្ឌ ដើម្បីស្វែងយល់ពីគោលបំណង មាតិកា និងការបន្ថែមនូវអនុសញ្ញាអន្តរជាតិសំខាន់ៗ រួមនឹងគោលការណ៍ច្បាប់ជាតិ ដែលជាទម្រង់ស្របច្បាប់សម្រាប់កិច្ចការពារសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗក្នុងទម្រង់ច្បាប់ការពារបេតិកភណ្ឌ ដែលឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌផងដែរ៕
ដោយ៖ម៉ាដេប៉ូ