ជប៉ុនបង្កើតមនុស្សយន្តអាចបើកឡានជំនួសមនុស្សទៅថ្ងៃអនាគត

តូក្យូ៖ អ្នកវិទ្យាសាស្រ្តជប៉ុនបានបង្កើតមនុស្សយន្តថ្មីមួយ ដែលបំពាក់ដោយកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា រួមបញ្ចូលទាំងបញ្ញាសិប្បនិមិត្ត AI ហើយឥឡូវនេះ វាមានសមត្ថភាពអាចបើកបរឡានធុនតូចក្នុងល្បឿនយឺតៗ។

លោក Kento Kawaharazuka នៅសាកលវិទ្យាល័យតូក្យូ និងសហការីរបស់គាត់ បានបង្កើតមនុស្សយន្តមួយមានឈ្មោះថា Musashi ដែលអាចបើកបរឡានតាមរបៀបដូចគ្នានឹងមនុស្សធម្មតា។ មនុស្សយន្តនេះ មាន “គ្រោងឆ្អឹង” និង “សាច់ដុំ” ស្រដៀងនឹងមនុស្សដែរ ហើយវាក៏មានបំពាក់កាមេរ៉ានៅក្នុងភ្នែកនីមួយៗ និងឧបករណ៍ចាប់សញ្ញាទាំងនៅលើដៃ និងជើងរបស់វា។

ប្រព័ន្ធបញ្ញាសិប្បនិមិត្ត AI នឹងអាចជួយឱ្យមនុស្សយន្តនេះ ស្វែងយល់ថាតើត្រូវធ្វើអ្វីខ្លះនៅពេលបើកឡាន ហើយដឹងនៅពេលភ្លើងសញ្ញាចរាចរណ៍ប្តូរពណ៌ ឬមានមនុស្សដើរកាត់ពីមុខរថយន្ត។ បច្ចុប្បន្ន មនុស្សយន្តនេះអាចបើកឡានបានតែទៅមុខ ក្នុងគន្លងផ្លូវត្រង់ ឬបត់ឆ្វេង បត់ស្តាំ ក្នុងល្បឿនយឺតៗប្រហែល ៥គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

លោក Jack Stilgoe នៅសាកលវិទ្យាល័យ University College London បាននិយាយថា ការបង្កើតមនុស្សយន្តនេះ គឺជាសក្តានុពលដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកបង្កើតមនុស្សយន្ត បើទោះបីជាវានៅមិនទាន់អាចបើកឡានបាន ដូចទៅនឹងមនុស្សយើងធម្មតា។

បើតាមការបញ្ជាក់របស់លោក Kento Kawaharazuka មនុស្សយន្ត Musashi អាចនឹងត្រូវចំណាយពេលអភិវឌ្ឍដល់ទៅ ៥០ឆ្នាំឯណោះ ទម្រាំវាអាចមានសមត្ថភាពបើកឡានទៅនឹងមនុស្សធម្មតាដែរ៕ ប្រភព៖ newscientist ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner