សម្តេចធិបតី លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករជួបការលំបាក និងមានវ័យចាស់
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២កក្កដា សម្តេចធិបតី លើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករ ជួបការលំបាក និងមានវ័យចាស់ ។
នៅក្នុងជំនួបនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងារ របស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២). ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត (ការផ្តល់ឈាម) សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្រ បញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាន នូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។
ជាអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោត ជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារ របស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។
បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាព នៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិក របស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យសិល្បៈនៅកម្ពុជា ។
ក្នុងឱកាសនេះ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំ ដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណ នៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយ ភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាតិកាដើមដោយខ្លួនឯង (Original Content) ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ