រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការដ្ឋានកែលំអផ្លូវលំជនបទមួយខ្សែដែលសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញបើកការ ដ្ឋានកែលម្អផ្លូវជនបទមួយខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី(stabilizer) ស្ថិតនៅភូមិ ត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
ទាក់ទងនឹងការដ្ឋាននេះឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការកែលម្អផ្លូវល្បាយក្រួសដោយប្រើប្រាស់ សាកល្បងនូវបច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស(Stabilizer)នេះគឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។ ការជ្រើសរើសយកបច្ចេកវិទ្យាថ្មីនេះ ក៏ជាការខិតខំប្រឹងប្រែងក្នុងការពង្រឹង និងបង្កើនគុណភាពផ្លូវឱ្យកាន់តែរឹងមាំ និងមានភាពធន់ដែលជាការចូលរួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាយុទ្ធសាស្រ្តពង្រឹងគុណភាព ៧០ភាគរយ និងពង្រីកបន្ថែម ៣០ភាគរយ។
បន្ទាប់ពីពិធីបើកការដ្ឋានរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេសទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ពីរខ្សែ និងស្ពានមួយកន្លែង ។ក្នុងនេះ៖ខ្សែផ្លូវទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១២,៤ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៨៧,៣៣ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ចំណែក ខ្សែផ្លូវទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែកមានប្រវែងសរុប ៨, ១៣០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ទៅដល់ភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៣០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។
ចំណែកស្ថានភាពស្ពានបេតុងមួយកន្លែងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលបានសា្ថបនារួចរាល់ជាស្ថាពរដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៨។
ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ដ្រីបានមានផ្ដាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ម៉ាដេប៉ូ