មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យ និងផ្សព្វផ្សាយពីការកម្ចាត់ «រុយស» ក្រោយផ្ទុះ រាតត្បាតស៊ីស្រូវប្រជាកសិករនៅខេត្តចំនួន៣នៅតាមព្រំដែនកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះនៃសត្វរុយសកំពុងលុកលុយស៊ីដំណាំស្រូវប្រជាកសិករចំនួន៣ខេត្ត គឺខេត្តព្រៃវែង ស្វាយរៀង និងតាកែវ ដែលនៅជាប់ព្រំដែនកម្ពុជា វៀតណាមរួចមកមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្តព្រៃវែង ចុះពិនិត្យវាយតម្លៃ និងប្រើដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ «រុយស» ដែលបំផ្លាញដំណាំស្រូវប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង ។

បើយោងតាមប្រភពពីក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះថា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានដឹកនាំក្រុមការងារចុះពិនិត្យនិងផ្សព្វផ្សាដំណាំស្រូវក្នុងពិធីនេះបានផ្តាំផ្ញើដល់មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការយកចិត្តទុកដាក់វាយតម្លៃពីផលប៉ះពាល់ និងណែនាំបច្ចេកទេសក្នុងការគ្រប់គ្រង «រុយស» ដើម្បីជួយសង្គ្រោះស្រូវជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាមួយគ្នានេះឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វរុយសឱ្យបានជាប់ជាប្រចាំ ប្រសិនបើប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ថាវដ្ដជីវិតរបស់ «រុយស» មានរយៈពេល១៧-២៤ថ្ងៃ ដែល «រុយស» ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ «រុយស» នោះ បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿង និងរួញ ហើយបំផ្លាញខ្លាំងលើស្រូវនៅក្នុងវគ្គលូតលាស់ ជាពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner