ក្រសួងការពារជាតិព្រមានបណ្តេញមន្ត្រីក្រោមបង្គាប់បើរកឃើញពាក់ព័ន្ធគ្រឿងញៀន (Video Inside)

រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលព្រមានបណ្តេញចេញពីការងារនូវមន្ត្រីយោធាណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈក្រសួងមហាផ្ទៃ និងក្រសួងស៊ីវិលនានាមួយចំនួន បានអនុវត្តការបណ្តេញចេញនេះ ជាច្រើនខែមកហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ប្រសាសន៍ព្រមានរបស់រដ្ឋមន្រ្តីការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីនាំពាក្យដដែលបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការពារជាតិដែលបញ្ជាក់ថា «ករណីដែលរកឃើញយោធិនណាម្នាក់ ប្រើប្រាស់នូវគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែងឡើយ»។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅបានជំរុញឱ្យអង្គភាពទាំងអស់ចំណុះក្រសួងការពារជាតិ ត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យរកសារធាតុញៀន ក្នុងជួរកងទ័ពថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

ក្នុងរយៈពេល៦៩ថ្ងៃ គិតត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ បន្ទាប់ពីមានការដាក់ចេញបទបញ្ជា មន្ត្រីក្រោមឱវាទតាមក្រសួង និងមន្ទីរសរុបចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ ត្រូវបានគេរកឃើញថា មាន ៧៦នាក់ មានសារធាតុញៀនក្នុងខ្លួន និងអ្នកទាំង ៧៦នាក់នេះ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនៃអង្គភាពរដ្ឋ។

ads banner