វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ប្ដេជ្ញាបន្តជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី២ កក្កដា លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

លោកសាស្រ្តាចារ្យ បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈដំណើរ​ទស្សនកិច្ចនេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នឹងបន្ត​ជំរុញ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ឱ្យកា​ន់តែរឹងមាំបន្ថែមទៀត ជាពិសេស ផ្ដោតលើក្របខ័ណ្ឌ នៃកិច្ចសហ​ប្រតិបត្តិការ ជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស​លើផែនការ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម និងការអភិវឌ្ឍធនធាន​មនុស្សនៅកម្ពុជា ។

លោកសាស្ត្រចារ្យ ក៍បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជើញ​សម្តេចតេជោ ធ្វើជាវាគ្មិនពិសេស នៅ ERIA School of Government ដើម្បីចែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណើរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈ ។ ជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។

ជាការឆ្លើយតប សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បានផ្ដោតជា​សំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការដាក់ចេញនូវ​គំនិតផ្តួច​ផ្តើមផ្សេ​ងៗក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ក៏ដូចជាដាក់ចេញ​នូវវិធាន​ការគន្លឹះ សម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ២០៥០ ក្នុងការ​​ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការ​ត្រៀមលក្ខណៈ​ចំពោះកត្តាប្រឈមដែលអាចកើតមានឡើងខណៈដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សលើវិស័យឧស្សាហកម្ម ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា បន្ដកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) គឺជាវិទ្យាស្ថានស្រាវជ្រាវឈានមុខគេក្នុងការអភិវឌ្ឍគោលនយោបាយ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងចំណោមប្រទេសអាស៊ាន និងអាស៊ីបូព៌ា ។ ERIA​ ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាច្រើននាពេល​កន្លងមក តាមរយៈការសិក្សាលទ្ធភាព នៃកិច្ចព្រមព្រៀង, រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពដល់មន្ត្រី, និងកិច្ចការសម្របសម្រួលមួយចំនួន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ
(FB-TT)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner