អាល្លឺម៉ង់ បន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ កក្កដា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម Stefan Messerer បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង ២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និង វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ ។

ឯកឧត្តមកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ ។

សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Stefan Messerer និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា តាមរយៈជំនួបនាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននៅកម្ពុជា ។

សម្ដេចធិបតី សង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសពីរនឹង ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner