ក្រុមហ៊ុនកាណាដា ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តា​នុពលមួយចំនួន​នៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ កក្កដា លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group គោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត ។

ក្នុងជំនួបនេះ លោក Lee Q. Shim ក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ព្រមទាំងបានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី ក៏បានរំលេចថា កម្ពុជា បានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរ នៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដា មកកាន់កម្ពុជាផងដែរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល ។

សូមជម្រាបថា ក្រុមហ៊ុន Lee Li Holdings Group គឺជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានឥទ្ធិពល ក៏ដូចជាទំនាក់ទំនងខ្ពស់នៅក្នុងអាជីវកម្ម ព្រមទាំងសហគមន៍នយោបាយនៃប្រទេសកាណាដា ។ ក្រុមហ៊ុនមានសេវាកម្មជាច្រើនវិស័យ ដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ វេជ្ជសាស្ត្រ ភាគហ៊ុនឯកជន ឧស្សាហកម្មរុករករ៉ែជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner