ឥណ្ឌូណេស៊ីគ្រោងលក់ទុរេនឲ្យចិន តម្លៃ ៨ពាន់ដុល្លារក្នុងមួយឆ្នាំ

ហ្សាកាតា៖ ឥណ្ឌូណេស៊ី ដែលជាប្រទេសដាំ និងនាំចេញផ្លែទុរេនធំជាងគេមួយរបស់ពិភពលោក បានដាក់គោលដៅពង្រីកការលក់ផ្លែឈើប្រភេទនេះទៅកាន់ប្រទេសចិនឲ្យបានដល់ ៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ នេះបើតាមកាសែត VNexpress ។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានធ្វើការជាមួយវិទ្យាស្ថានជីណូមិច នៅទីក្រុងប៉េកាំង ដើម្បីធានាឲ្យបាន នូវទុរេនដែលមានគុណភាពខ្ពស់ សម្រាប់ការនាំចេញ ។

តាមរយៈកិច្ចសហការនេះ នឹងមានការពង្រីកផ្ទៃដីដាំទុរេនប្រហែល ១០០ ហិកតានៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង និងប៉ាពួខាងលិច ហើយគ្រោងនឹងពង្រីកបន្ថែម នៅក្នុងខេត្តផ្សេងៗទៀតផងដែរ ។ មន្ត្រីរូបនេះបានបន្ថែមថា ទីតាំងទាំងនោះអាចដាំទុរេន បានតាមតម្រូវការទីផ្សារប្រទេសចិន។

ឥណ្ឌូណេស៊ីបាននាំចេញទុរេន តម្លៃ ៤.៥ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ ហើយបានឈានដល់ ៦.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ។ កាលពីឆ្នាំ ២០២៣ ប្រទេសប្រជុំកោះមួយនេះ ទទួលបានទិន្នផលទុរេន ជិត ២ លានតោន ៕

ប្រភព ៖ VNExpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner