ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ៖មូលនិធិគន្ធបុប្ផាធ្វើជាប្រចាំនោះគឺត្រូវ​បានបែង​ចែកជា ០៣ប្រភេទ

សៀមរាប៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា៖ សកម្មភាពមូលនិធិគន្ធបុប្ផាធ្វើជាប្រចាំនោះគឺ ត្រូវបានបែងចែកជា ០៣ប្រភេទ រួមមានសកម្មភាពធ្វើជាប្រក្រតីភាព បន្តបន្ទាប់ ជាការផ្សព្វផ្សាយអំពាវនាវ បំផុសស្មារតី, សកម្មភាពជាយុទ្ធនាការដែលបន្ថែមពីលើការផ្សព្វផ្សាយជាប្រក្រតីភាព មានរយៈកំណត់ជាក់លាក់ណាមួយ និងសកម្មភាពជាកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនឯកជន, បណ្ដាគ្រឹះស្ថានហេរិញ្ញវត្ថុនានា និងបណ្ដាស្ថាប័នជាច្រើនផ្សេងទៀតផងដែរ។

នេះជាការលើកឡើងពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។
ឯកឧត្តម បន្តថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំដោយមូលនិធិគន្ធបុប្ផា មានចរិតលក្ខណៈជាការគៀងគរ អំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីជាចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧតត្តម បណ្ឌិត បានបន្តថា ជាមួយគ្នានេះក៏មានព្រឹត្តិការណ៍ធំមួយផងដែរ ក្នុងឆ្នាំ២០២៤នេះ ដែលអាចនិយាយបានថាមិនមែនជាយុទ្ធនាការធ្វើជាប្រចាំនោះទេ តែជាការផ្ដួចផ្ដើមគំនិតដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចបានបង្កើតនូវព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ។

ឯកឧត្តម បានបន្ថែមថា កាលមិនទាន់មានមូលនិធិគន្ធបុប្ផានៅកម្ពុជា មន្ទីរពេទ្យមួយនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការចូលរួមសប្បុរសជននៅបរទេស តាមរយៈមូលនិធិគន្ធបុប្ផានៅប្រទេសស្វីស។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានបន្តថា យន្តការសម្រាប់ទទួលការចូលរួមបរិច្ចាគរបស់សប្បុរសជនខ្មែរនៅបរទេស ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺមានយន្តការធំៗចំនួន ០៣៖
ទី១៖ យន្តការដែលស្ថានទូតកម្ពុជានៅតាមបណ្ដាប្រទេសនានា បានចាត់តាំងឱ្យសម្របសម្រួលជាទីតាំងបង្គោលសម្រាប់ការទទួល ប្រសិនជាមានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគ ។
ទី២៖ តាមរយៈសមាគមខ្មែរនៅបរទេស ដែលឈរជាបង្គោលសម្រាប់សម្របសម្រួល ដើម្បីទទួលនូវថវិកាបរិច្ចាគនេះដែរ តែការចូលរួមនេះនៅមិនទាន់មានលក្ខណៈជាអចិន្ត្រៃយ៍នោះទេ មានចរិតលក្ខណៈតាមពេលនៅឡើយ។
ទី៣៖ ការចូលរួមដោយផ្ទាល់តាមអនឡាញដោយមូលនិធិគន្ធបុប្ផាតែម្ដង គ្រាន់តែមានលក្ខណៈបច្ចេកទេសច្រើនបន្តិច ដោយសារត្រូវឆ្លងកាត់ធនាគារដៃគូនៅបរទេសដូចជា ការអនុញ្ញាតឱ្យប្រើប្រាស់ក្រឌីតកាតជាដើម។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner