ត្រឹម៣ឆ្នាំ ការប្រើប្រាស់អគ្គិសនីឡាវកើនឡើង ៤៥ភាគរយ

វៀងចន្ទន៍÷ យោងតាមរបាយការណ៍របស់ក្រសួងថាមពល និងរ៉ែឡាវ បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីបានកើនឡើង ៤៥ភាគរយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈដែលការផ្គត់ផ្គង់មានការប្រែប្រួលដោយសារបញ្ហាអាកាសធាតុ។

ការកើនឡើងការប្រើប្រាស់អគ្គិសនី គឺលើសពីកំណើន ២១ភាគរយដែលបានព្យាករណ៍នៅក្នុងការសិក្សាឆ្នាំ ២០២១ ដែលបានប៉ាន់ប្រមាណថា មានការកើនឡើងប្រចាំឆ្នាំ ៧ភាគរយ នៃតម្រូវការអគ្គិសនីសម្រាប់រយៈពេលឆ្នាំ ២០២២-២០២៤។ ក្រសួងថាមពល និងរ៉ែឡាវ បានរាយការណ៍ថា កត្តានេះបាននាំឱ្យមានអតុល្យភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសក្នុងរដូវប្រាំង នៅពេលដែលផលិតកម្មវារីអគ្គិសនីមានការថយចុះ។

ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ឡាវបាននាំចូលថាមពលអគ្គិសនីជាង ១.៧ពាន់លានគីឡូវ៉ាត់ម៉ោងពីប្រទេសថៃ ចិន និងវៀតណាម។  ប៉ុន្តែឡាវក៏បាននាំចេញសរុបចំនួន ៩៩៤.៨លានគីឡូវ៉ាត់ម៉ោងទៅកាន់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ ក្នុងអំឡុងពេលដូចគ្នានេះផងដែរ។  ការនេះបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មថាមពលសុទ្ធចំនួន ៨២៧.៨លានគីឡូវ៉ាត់ម៉ោងសម្រាប់ប្រទេសឡាវ។

៩៥ភាគរយនៃថាមពលអគ្គិសនីរបស់ប្រទេសឡាវ គឺពឹងផ្អែកខ្លាំងលើទឹកភ្លៀង។ តួយ៉ាង ក្នុងឆ្នាំ ២០២២ ដែលមានភ្លៀងធ្លាក់ច្រើន ការផលិត និងផ្គត់ផ្គង់អគ្គិសនីអាចបំពេញតាមតម្រូវការ។ ប៉ុន្តែគ្រោះរាំងស្ងួតនៅឆ្នាំ ២០២៣ បានបណ្តាលឱ្យមានការថយចុះផលិតកម្ម ១០ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២២ ហើយការថយចុះ ១០ភាគរយបន្ថែមទៀត ត្រូវបានគេរំពឹងទុកនៅឆ្នាំ ២០២៤នេះ។

ដើម្បីដោះស្រាយបញ្ហាកង្វះអគ្គិសនី ឡាវកំពុងស្វែងរកវិធានការរយៈពេលខ្លី រួមទាំងការកែសម្រួលការប្រើប្រាស់អគ្គិសនី និងការយកពន្ធលើការជីកយករ៉ែគ្រីបតូ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសផ្សេងៗ។  លើសពីនេះ ផែនការកំពុងដំណើរការ ដើម្បីពន្លឿនការអនុម័តគម្រោងថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស និងស្វែងរកមូលនិធិសម្រាប់គម្រោងវារីអគ្គិសនីថ្មីៗ៕

ប្រភព÷ Laotian times ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner