វៀតណាមស្នើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ជួលយន្តហោះពីជុំវិញពិភពលោក

ហាណូយ÷ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្ងៃចន្ទ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជួលយន្តហោះ ដើម្បីជំនួសយន្តហោះដែលបានផ្អាកដំណើរការ ដោយសារតម្រូវការជួសជុលម៉ាស៊ីន។

នៅក្នុងឯកសារដែលបានផ្ញើទៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) កាលពីថ្ងៃចន្ទ អាជ្ញាធរ CAAV បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ដូចជា Vietjet, Tre Viet (Bamboo Airways), Pacific Airlines និង Vietravel Airlines ឱ្យបង្កើនចំនួនយន្តហោះសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ទាំងក្នុងស្រុក និងអន្តរជាតិ។

ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់គួរតែជួលយន្តហោះមកពីជុំវិញពិភពលោក ដើម្បីបង្កើនចំនួនយន្តហោះ។ ម៉ាស៊ីនយន្តហោះផលិតដោយក្រុមហ៊ុន Pratt & Whitney បានជួបបញ្ហាដំណើរការខុសប្រក្រតី ជាហេតុធ្វើឱ្យមានការប្រមូលយន្តហោះត្រឡប់មកវិញ។ ការនេះបាននាំឱ្យមានកង្វះយន្តហោះទូទាំងពិភពលោក។ 

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍វៀតណាមមានយន្តហោះពី ១៦៥ ទៅ ១៧០គ្រឿង ធ្លាក់ចុះពី ៤០ ទៅ ៤៥គ្រឿង បើធៀបនឹងឆ្នាំមុន។ ទីផ្សារអាកាសចរណ៍ក្នុងស្រុក ឥឡូវនេះអាស្រ័យលើយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Vietnam Airlines និង Vietjet។ 

ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ១៣លាននាក់ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំនួនអ្នកដំណើរក្នុងស្រុកក៏ធ្លាក់ចុះ ១៨ភាគរយផងដែរ មកនៅត្រឹម ៨.៥លាននាក់៕ ប្រភព÷ VNExpress ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner