ចិនបើកដំណើរការរោងចក្រអណ្តែតលើផ្ទៃសមុទ្រ

ប៉េកាំង៖ ក្រុមហ៊ុនរដ្ឋរបស់ចិន CHN Energy Investment Group (CHN Energy) ថ្មីៗនេះ បានដាក់ឱ្យដំណើរការរោងចក្រអណ្តែតលើផ្ទៃសមុទ្រ ដែលរួមបញ្ចូលទាំងកសិដ្ឋានផលិតថាមពលពីកម្លាំងខ្យល់ និងចិញ្ចឹមត្រី។

ក្រុមហ៊ុន CHN Energy បានឱ្យដឹងថា ដោយមានទីតាំងនៅលើផ្ទៃសមុទ្រនៅ Putian ដែលជាទីក្រុងនៅភាគអាគ្នេយ៍នៃខេត្ត Fujian រោងចក្រនេះមានទួរប៊ីនខ្យល់ ៤មេហ្គាវ៉ាត់ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ៩៦,០០០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រទេសចិនមិនបានបញ្ជាក់ពីតម្លៃបង្កើតរោងចក្រនេះទេ។

ក្រុមហ៊ុនបន្តថា រោងចក្រនេះក៏បម្រើជាតំបន់វារីវប្បកម្មផងដែរ ជាមួយនឹងបំពាក់ដោយបច្ចេកវិទ្យាសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃពីចម្ងាយនៃសុខភាពត្រី។ ក្រុមហ៊ុនបន្ថែមទៀតថា ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយព្យុះទីហ្វុង រោងចក្រនេះត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងឥទ្ធិពលព្យុះទីហ្វុងដែលមានល្បឿនខ្យល់រហូតដល់ ៥០.៩ម៉ែត្រក្នុងមួយវិនាទី។

ប្រទេសចិនកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍថាមពលកកើតឡើងវិញ ដែលជាផ្នែកមួយនៃការជំរុញប្រើប្រាស់ថាមពលបៃតងរបស់ខ្លួន។ យោងតាមទិន្នន័យចុងក្រោយបំផុតពីរដ្ឋបាលថាមពលជាតិចិន បានឱ្យដឹងថា ការជំរុញបង្កើតថ្មីនូវថាមពលកកើតឡើងវិញរបស់ប្រទេសចិន បានកើនឡើងដល់ ៦៣.៦៧លានគីឡូវ៉ាត់ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ កើនឡើង ៣៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

កន្លងមក ប្រទេសចិនបានប្រកាសថា ខ្លួននឹងដាក់គោលដៅកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតនៅឆ្នាំ ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០៕

ប្រភព: CGTN ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner