សោភ័ណភាពប្រាសាទតុបខាងលិច បានលេចត្រដែតក្រោយពីជួសជុលរួច

(ភ្នំពេញ)៖ នេះជារូបប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ដែលបាន កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់​មួយជាន់ពីលើ។បន្ទាប់ពីជួសជុលរួច ធ្វើឱ្យសោភ័ណភាពបានលេចត្រដែត និងស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរ។

បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៤ថា ក្នុងការជួសជុលនេះតួប៉មកណ្តាលក៏បានកែកុនផងដែរ ដោយរក្សាទុកនូវ​ផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំង​សង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់​នោះសុទ្ធតែ​មានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿន​ចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញ​សំណល់បល្ល័ង្កព្រះធំមួយ។

អាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យ​ប្រាសាទ​នេះរងការខូចខាតស្ទើរតែទាំងស្រុង។ ពេលបច្ចុប្បនេះ ក្រោយ​ចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការ​រវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។

គួរបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិច ប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរ ចេញ ពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ ៧០០ម៉ែត្រ និង​ពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner