ហ្វីលីពីននឹងចាយ២៤ពាន់លានដុល្លារ ទិញយន្តហោះ Airbus

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Cebu Pacific បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួននឹងចំណាយលុយ ២៤ពាន់លានដុល្លារអាមេរិក ទិញយន្តហោះ Airbus ចំនួន១៥២គ្រឿង។ ក្រុមហ៊ុនអះអាងថា វានឹងក្លាយជាកិច្ចព្រមព្រៀងបញ្ជាទិញដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ប្រទេស អាស៊ីអាគ្នេយ៍ មួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Cebu Pacific លោក Michael Szucs បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបញ្ជាទិញនេះ នឹងត្រូវធ្វើឡើង ដើម្បីផ្តល់លទ្ធភាពឱ្យ Cebu Pacific សម្របខ្លួនទៅនឹងកំណើនទីផ្សាហោះហើរ»។ លោកបញ្ជាក់ទៀតថា សម្រាប់ការបញ្ជាទិញនេះ រួមមាន A321neo ចំនួន១០២គ្រឿង និង A320neo ចំនួន៥០គ្រឿង។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ IATA បាននិយាយ កាលពីខែមិថុនាថា សកម្មភាពអាកាសចរណ៍បានផ្ទុះឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺ Covid-19។ ប្រភពថា អ្នកដំណើរជិត ៥ពាន់លាននាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមយន្តហោះ នៅឆ្នាំ២០២៤ ហើយប្រាក់ចំណូល នឹងមានប្រមាណ១លានលានដុល្លារ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នានា ក៏កំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃការចំណាយ ដែលបង្កឡើងដោយសារតែការខ្វះខាតគ្រឿងបន្លាស់យន្តហោះ និងកម្លាំងពលកម្ម ព្រមទាំង បញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

Cebu Pacific គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ នៅក្នុងប្រទេសហ្វីលីពីន ហើយកំពុងធ្វើប្រតិបត្តិការ ទៅកាន់គោលដៅ ជាង៦០ប្រទេស នៅអាស៊ី, អូស្ត្រាលី និងមជ្ឈិមបូព៌ា នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner