សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យមានវិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ កុំឱ្យគ្រឿងញៀនជ្រៀតចូលសាលារៀន

បាត់ដំបង៖ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅ​ក្នុង​សាលារៀន គឺជាគ្រោះមហន្តរាយធំណាស់​សម្រាប់អនាគត​កូនចៅ​ជំនាន់​​​ក្រោយ។ខណៈសិស្សានុសិស្ស គឺជាមុខសញ្ញា​ធំក្នុង​ការវាយលុករបស់គ្រឿងញៀន។នេះជាការកត់សម្គាល់​និង​ក្រើន​រំលឹក​របស់​សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្ត​មណ្ឌលខេត្តបាត់ដំបងនិងជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធអគារសិក្សាមួយខ្នងនិងសមិទ្ធផលនានានៅអនុវិទ្យាល័យឈើទាល ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមចេញពីការកត់សម្គាល់នេះ សម្ដេចក្រឡាហោមស ខេង បានណែនាំដល់អាជ្ញាធរ​មូល​ដ្ឋាន សមត្ថកិច្ចកងកម្លាំង លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស​ ត្រូវចូល​រួមជំរុញឱ្យមានវិធាន​ម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់កុំឱ្យគ្រឿង​ញៀនរីករាលដាលចូលទៅក្នុងសាលារៀន ។

សម្ដេចក្រឡាហោមថា​ត្រូវមានយន្តការជាក់​លាក់ជាប់ជា​ប្រចាំក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន​ដើម្បីធានាឱ្យបានសន្តិសុខសុវត្ថិភាពសង្គម។

ទាក់ទងនឹងវិស័យអប់រំ សម្ដេចក្រឡាហោម ស ខេង បាន​រំលេចថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការ​កំណែ​ទម្រង់ស៊ីជម្រៅលើគុណភាពនៃការអប់រំបណ្ដុះបណ្ដាល សំដៅធានាឱ្យបាននូវធនធានមនុស្សប្រកបដោយ​គុណ​ភាពខ្ពស់ដើម្បីរួមចំណែកក្នុងការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយ​ចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ ព្រមទាំងមានលទ្ធភាពការងារខ្ពស់ដែល​ជាកត្តាកំណត់ នូវ សមត្ថភាព ក្នុងការអភិវឌ្ឍ និងការប្រកួត​ប្រជែងប្រកបដោយចីរភាព៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner