ថ្នាក់ដឹកនាំមិនដែលភ្លេច យោធិននៃកងរាជអាវុធហត្ថ​ចូល​និវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ

បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និងគ្រួសារពលី-មរណៈ ឯកឧត្តម​បានរំឭកពីភាព​អង់​អាច​ក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះ​បង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ​រហូត​ដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។

ក្នុងពិធីដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកង​រាជ​អាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) ដែល​ប្រារព្ធនៅសាលប្រជុំនៃអគារសេនាធិការដ្ឋានកង​រាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣ ខែកក្កដា​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី​សំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន​ដែល​ចូលរួម។

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំពុំដែលភ្លេចពលិកម្មប្រកបដោយ​ស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជា​ពលរដ្ឋ​យើង​នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ។បងប្អូន​បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គម ធានាឱ្យមាន​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយក​ឣំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចែកជូនដល់​យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និងគ្រួសារពលី-មរណៈ ទាំង៨១ នាក់ នូវ មី, ត្រីខ ,ភេសជ្ជៈ ,,អង្ករ, សារុង និងថវិកាមួយចំនួន៕

រូបភាពនិងអត្ថបទ៖ គៀន ច័ន្ទហ៊ីន

ads banner