ត្រដេវវិចទួល ចាស់បុរាណថាវាដេកផ្ងារយកជើងច្រោងឡើងលើ ព្រោះខ្លាចក្រែងមេឃរលំសង្កត់

(ភ្នំពេញ)៖ ត្រដេវវិចទួល គឺជាបក្សីមួយប្រភេទដែលជនជាតិខ្មែរបានស្គាល់ និងពិសេសការស្រែកយំរបស់វាលាន់លឺគ្រលួច(ដេវៗវិចៗ)គួរជាទីជាប់ចិត្តនៃសត្វស្លាបមួយប្រភេទនេះ។តាមពាក្យបោរាណាចារ្យតែងបាននិយាយតៗគ្នាថាសត្វប្រភេទនេះ វាដេកផ្ងារយកជើងច្រោងឡើងលើ ព្រោះខ្លាចក្រែងមេឃរលំសង្កត់លើ ។

គួរបញ្ជាក់ថាសត្វត្រដេវវិចមានបីប្រភេទ ត្រដេវវិចទួល ត្រដេវវិចទន្លេ និងត្រដេវវិចក្បាលប្រផេះ ។

បក្សីប្រភេទនេះវាតែងចេះថែរក្សាស៊ុតរបស់វាដោយប្រយ័ត្នជាបំផុត ដោយខ្លាចសត្រូវរំខាន ឬយាយីដោយប្រការណាមួយ ។

លោក ឈឿន សុជាតិ ជាមន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវ ប្រាប់ថាសត្វត្រដេវិចទួលនេះគេឃើញវាមានរស់នៅតំបន់នេះច្រើនគួរសមដែរ។ពួកវាជារឿយៗគេតែងលឺស្រែកយំរកញីឈ្មោល ឬការពារសំបុកវា។

លោកបានបញ្ជាក់ថា សំរាប់តំបន់ការពារទេសភាពបឹងព្រែកល្ពៅតែងឃើញពួកវាមានវត្តមានច្រើនក្នុងអំឡុងខែធ្នូដោយវាបន្តស្នាក់នៅនឹងរកចំណីដល់ខែសីហាទើបវាបំលាស់ទីចេញទៅកាន់តំបន់ផ្សេងទៀត ។

យោងតាម សៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថាសត្វត្រដេវវិច ស្ថិតនៅក្នុងប្រភេទរងគ្រោះតិចតួច។ ជាទូទៅសត្វស្លាបប្រភេទនេះមានកម្ពស់ប្រមាណពី ៣១.៥ ទៅ ៣៥ស.ម ពេលពេញវ័យ នោះក្បាល និងផ្នែកទ្រូងខាងលើពណ៍ខ្មៅ ត្រចៀកស ស្បែកមុខពណ៍ខ្មៅ ជើងលឿង ស្លាបពណ៍ត្នោតខ្ចី ចំពុះពណ៌ក្រហម និងចុងមានពណ៍ខ្មៅ។ មិនទាន់ពេញវ័យ:ក្បាលពណ៍ក្រម៉ៅ ក ស្បែកមុខ និងទ្រូងពណ៍លឿងស្រាល។ ទីជម្រករបស់នៅតាមមាត់បឹង តំបន់ព្រៃល្បោះ ត្រពាំង មាត់ស្ទឹង តំបន់ដីសើម និងតំបន់កសិកម្ម។ សត្វប្រភេទនេះវាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ។ ចំពោះ រដូវបន្តពូជ:ចាប់ពីខែមករា ដល់ខែមិថុនា ពងចំនួន ៤គ្រាប់ ។

សត្វត្រដេវវិច ស៊ីពពួកស្រមោច សត្វកញ្ចែ ដង្កូវ សត្វល្អិត ខ្យង និងសត្វឥតឆ្អឹងខ្នងដទៃទៀតដែលភាគច្រើនត្រូវបានរើសពីក្នុងដី វាស៊ីអាហារទាំងពេលថ្ងៃនិងពេលយប់។ សំបុកសត្វប្រភេទនេះពិបាករកណាស់ដោយសារតែ ពងរបស់ពួកវាមានពណ៌លំនាំដូចពណ៌ដី សំបុករបស់ត្រដេវវិចទួល ភាគច្រើនត្រូវបានគំរាមកំហែងដោយការធ្វើកសិកម្ម ។

បក្សីនេះ ត្រូវបានចាត់ទុកជាសត្វរងគ្រោះថ្នាក់តិចតួចក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ សម្រាប់ចំណុចគួរចាប់អារម្មណ៍លើសត្វត្រដេវវិចទួល គឺវាដេកយកជើងរបស់វាបាស់ឡើងលើ ដូចជាពាក្យចាស់តែងតែពោលថា “កុំដេកយកជើងទ្រមេឃដូចសត្វត្រដេវវិច”ដែល មានន័យថា កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនខ្លាំងពេកជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner