វត្ថុបុរាណ ខ្មែរចំនួន ១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤

(ភ្នំពេញ)៖ វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (ME) នៅសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ ។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ៖ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់កម្ពុជា ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។

ក្រសួងវប្បធម៌បានឱ្យដឹងដែរថា៖ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អ ឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃ បដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀត នោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើង វិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេស ប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការ ប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្តដ៏មានតម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងមានសេចក្តីសោមនស្សរីករាយ

ក្រសួងររំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគត។ ឡប់មកមាតុភូមិវិញនាពេលអនាគត លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា “ការបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើត ក្នុងអំឡុងសង្គ្រាមស៊ីវិលនិងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ព្រម ជាមួយនេះ ប្រជាជនកម្ពុជាសូមស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាដែលជាមង្គលរបស់ជាតិ ក៏ដូចជាការ ប្រោះព្រំប្រសិទ្ធិពរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា “ការបញ្ជូនត្រឡប់មកវិញនៃព្រលឹងដូនតានេះ បានរួម ចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សានិងការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ លទ្ធផលប្រកបដោយ ផ្លែផ្កានេះ ក៏បានបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាមេរិក ៕

ដោយ ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner