អគ្គស្នងការនគរបាលជាតិចេញបញ្ជាបញ្ឈប់ទង្វើស្ទាក់ចាប់ (Video Inside)

អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះមន្ត្រីនគរបាលចរាចរណ៍ណា ដែលធ្វើសកម្មភាពពួនស្ទាក់ ខណៈតួលេខអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរនេះ មានការកើនគួរឱ្យកត់សម្គាល់។

ការធ្វើសកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ តែងរងការរិះគន់ពីសាធារណជន ប៉ុន្តែសកម្មភាពពួនស្ទាក់នេះ ទើបត្រូវបានលើកឡើងឱ្យបញ្ឈប់ នៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត។

សកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ ត្រូវបានគេរាយការណ៍ជារឿយៗ នូវគ្រោះថ្នាក់ដួលម៉ូតូ ដោយសារតែសមត្ថកិច្ចអនុវត្តច្បាប់ បានចេញស្ទាក់ពីមុខ ឬចាប់ដៃចង្កូតម៉ូតូ បណ្តាលឱ្យអ្នកជិះរងរបួសជាដើម។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គេ «ត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង»។

លោកបានថ្លែងថា «ការអនុវត្តនេះ ត្រូវធ្វើដោយបើកចំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យ ការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម»។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន ១ពាន់ ៥៣៤លើក, បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩៣នាក់ និងរងរបួសចំនួន ២ពាន់ ១១៦នាក់។

តួលេខនេះ ត្រូវគេប្រៀបធៀបថា មានការកើនឡើងជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងអ្នករងរបួសចំនួន ២ពាន់ ៧២នាក់។

ads banner