រត់គេចពីសត្រូវ! ទាហានកុងហ្គោ ២៥នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត
បរទេស៖ ក្រោយការបើកសវនាកា កាត់ទោសពេញមួយថ្ងៃ កាលពីថ្ងៃពុធ មេធាវីបានឱ្យដឹងថា ទាហាននៃប្រទេសកុងហ្គោ ចំនួន២៥នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់គេចពីសត្រូវ ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាម M23។
ជនជាប់ចោទសរុប ចំនួន៣១នាក់ រួមទាំងទាហាន២៧នាក់ និងប្រពន្ធជាជនស៊ីវិល៤នាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការយោធា យោធភូមិភាគ Butembo នៅក្នុងខេត្ត North Kivu។ លោក Muvweko មេធាវីការពារក្តីម្នាក់ បានប្រាប់ AFP ថា ពួកគេបានប្រឈមមុខនឹងការចោទប្រកាន់ ជាច្រើនរួមទាំង ការរត់គេចពីសត្រូវ, ការរំសាយអាវុធយុទ្ធភណ្ឌ, ការរំលោភបំពានលើការបញ្ជាទិញ និងករណីចោរកម្មនានា។
លោក Muvweko បាននិយាយថា នៅចុងបញ្ចប់នៃសវនាការ មេធាវីការពារក្តីទាហាន ទាំង២៥នាក់ មានបំណងប្តឹងឧទ្ធរណ៍។ ករណីផ្សេងទៀត ទាក់ទងការលួច ពុំទាន់រកឃើញដាក់បន្ទុកគ្រប់គ្រាន់ ហើយគ្រោងនឹងបន្តបើកសវនាការ នៅពេលក្រោយទៀត។
តាំងពីចុងសប្តាហ៍មុន ចលនាឧទ្ទាម M23 ឬ ចលនា ២៣ខែមីនា បានវាយដណ្តើមយកទីក្រុងជាច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ «ចលនា២៣ខែមីនា» បានដណ្តើមការកាន់កាប់ទឹកដី ដ៏ធំល្វឹងល្វើយ នៅខេត្ត North Kivu ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជម្លៀសមនុស្ស រាប់សែននាក់ទៀត។
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សចំនួន២.៨លាននាក់ បានភៀសខ្លួន នៅខេត្ត North Kivu៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត