សម្ដេចតេជោ ផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញការសិក្សាឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញការសិក្សាឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជម្រាបជូនសម្ដេចតេជោថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលសមាសភាពត្រូវបានផ្លាស់ប្ដូរ ក្នុងនោះអនុប្រធានមានចំនួន ៦រូប និងសមាជិកកើនឡើងចំនួន ៣៧រូប មកពី ៣៧ក្រសួង-ស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួង និងស្ថាប័នតែប៉ុណ្ណោះ ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសំដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។ យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។
សម្ដេចតេជោលើកឡើងថា ត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សា គឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារា និងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ ។
សម្ដេចបានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាង ណាឱ្យ ស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សាឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍ ។ ត្រូវខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ